(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃអង្គារនេះបានដកខ្លួនចេញពីការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភា ហើយ។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាការជាតិរៀបចំការបោះឆ្នោតហ្វីលីពីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

ការប្រកាសពីការសម្រេចចិត្តខាងលើរបស់លោក ឌូតើតេ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនរូបនេះ កាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថារដ្ឋាភិបាល របស់លោកនឹងធានាឱ្យបាននូវភាពស្មោះត្រង់, សន្តិភាព, ភាពគួរឱ្យជឿទុកចិត្ត និងការបោះឆ្នោតដោយសេរីនៅឆ្នាំ២០២២។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ ថាតើហេតុអ្វីបានជាលោកសម្រេចចិត្តដកខ្លួនចេញពីការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភានៅឡើយទេ ហើយក៏មិនទាន់មានការអត្ថាធិប្បាយអ្វីចេញពីគណបក្ស របស់លោកដែរ។ ប៉ុន្តែ កាលពីខែតុលា កន្លងទៅ លោក ឌូតើតេផ្ទាល់ធ្លាប់បានប្រកាសថាលោកនឹងចូលនិវត្តន៍ពីនយោបាយ។

គួរបញ្ជាក់ថា អាណត្តិជាប្រធានាធិបតីរយៈពេល ៦ឆ្នាំ របស់លោក ឌូតើតេ នឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ ហើយបើតាមរដ្ឋធម្មនុញ្ញហ្វីលីពីន លោកមិនអាចឈរ ឈ្មោះជាប្រធានាធិបតី ទៀតនោះទេ៕