(ញូយ៉ក)៖ សារព័ត៌មានអាមេរិក The New York Times នាពេលថ្មីៗនេះ បានរាយការណ៍ថា អង្គភាពសម្ងាត់មួយរបស់សហរដ្ឋអាមេរិក បានប្រើគ្រាប់បែកនិងមីស៉ីលរាប់ម៉ឺនគ្រាប់ ប្រឆាំងនឹងក្រុមភេរវករ ISIS ប៉ុន្តែនៅក្នុងសកម្មភាពកម្ចាត់សត្រូវ អង្គភាពសម្ងាត់នោះ ពុំបានគិតគូរពីអាយុជីវិតជនស៉ីវិលស្លូតត្រង់អ្វីបន្តិចឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

យោងតាមប្រភពដដែល អង្គភាពខាងលើបានដើររំលងបទបញ្ញត្តិនានា ដែលត្រូវបានកំណត់ដើម្បីព្យាយាមការពារអាយុជីវិតជនស៉ីវិល ហើយបង្កក្តីបារម្ភជាខ្លាំង ក្នុងចំណោមដៃគូសហការរបស់ខ្លួននៅក្នុងជួរយោធា និងសូម្បីតែទីភ្នាក់ងារចារកម្ម CIA តាមរយៈការសម្លាប់អ្នកដែលមិនមានតួនាទីអ្វីសោះ នៅក្នុងជម្លោះ ដូចជាកសិករដែលកំពុងប្រមូលផលដំណាំ, ក្មេងៗដែលលេងនៅតាមដងផ្លូវ, គ្រួសារដែលភៀសខ្លួនពីការប្រយុទ្ធគ្នា និងអ្នកភូមិដែលជ្រកកោននៅតាមអគារ ជាដើម។

អង្គភាពខាងលើមានរហស្សនាមថា Talon Anvil ដែលបានធ្វើប្រតិបត្តិការកាលពីចន្លោះឆ្នាំ២០១៤-២០១៩ ដើម្បីកំណត់គោលដៅសម្រាប់ ឲ្យសហរដ្ឋអាមេរិកបើកការវាយប្រហារ ដូចជាក្បួនរថយន្ត, រថយន្តបង្កៃគ្រាប់បែក, ទីបញ្ជាការ និងក្រុមអ្នកប្រយុទ្ធរបស់សត្រូវ។ អង្គភាព Talon Anvil គឺមានទំហំតូច ដោយពេលខ្លះមានមនុស្សមិនដល់ ២០នាក់ផងដែរ ប៉ុន្តែបានដើរតួនាទីយ៉ាងធំសម្បើម ក្នុងការប្រើប្រាស់មីស៉ីលនិងគ្រាប់បែកប្រមាណ ១១២,០០០គ្រាប់ ប្រឆាំងនឹងក្រុម ISIS ក្រោមហេតុផលមួយផ្នែក គឺដោយសារតែអង្គភាពសម្ងាត់នេះ មិនសូវគោរពតាមគោលការណ៍ធ្វើប្រតិបត្តិការរបស់យោធាឡើយ។

គួរបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ នៅពេលដែលអង្គភាព Talon Anvil ធ្វើប្រតិបត្តិការ អត្រាជនស៉ីវិលបាត់បង់ជីវិត នៅក្នុងប្រទេសស៉ីរី បានកើនឡើងជាខ្លាំង។ បើប្រៀបធៀបជាមួយប្រតិបត្តិការស្រដៀងគ្នា នៅអាហ្វហ្កានីស្ថាន គឺចំនួនមនុស្សស្លាប់ដែលជាជនស៉ីវិលនៅស៉ីរី ខ្ពស់ជាងប្រហែល១០ដងឯណោះ៕