(កាលីហ្វ័រញ៉ា)៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង នៃសហរដ្ឋអាមេរិក ដែលមានឈ្មោះថា USS Connecticut ឬ SSN-22 ដែលត្រូវបានគេដឹងថា បានបុកភ្នំក្រោមបាតសមុទ្រចិនខាងត្បូងនោះ ត្រូវបានបញ្ជូនចេញពីកោះ ហ្គាំ (Guam) ទៅកាន់មូលដ្ឋានយោធា ស្ថិតនៅទីក្រុង សាន ឌីហ្គោ (San Diego) នៃរដ្ឋកាលីហ្វ័រញ៉ារួចហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក The Navy Times ដែលត្រូវបានទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់នៅរសៀលថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដដែល នាវាមុជទឹក-នុយក្លេអ៊ែរ SSN-22 ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានយោធាជើងទឹក នៅក្នុងរដ្ឋកាលីហ្វ័រញ៉ានោះ គឺមិនមានការបញ្ជាក់ឡើយ, ប៉ុន្តែបើតាមសារព័ត៌មាន The Navy Times ដដែលបានបង្ហើបឲ្យដឹងថា SSN-22 នឹងត្រូវផ្ទេរបន្តទៅកាន់ ការដ្ឋានសម្រាប់ជួសជុលនាវាមួយកន្លែង របស់កងទ័ពជើងទឹកអាមេរិក ដែលមានឈ្មោះហៅកាត់ថា PSNS (Puget Sound Naval Shipyard) ស្ថិតនៅក្នុងរដ្ឋវ៉ាស៊ីនតោន (Washington State) នៃភាគខាងលិចសហរដ្ឋអាមេរិក។

ក្រោយការជជីកសួរពីក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យកងម៉ារីនអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក លោកស្រី ស៊ីនធា ហ្វៀលស៍ (Cynthia Fields) បានឆ្លើយតបកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា «នាវាមុជទឹក USS Connecticut ត្រូវបានបញ្ជូនទៅដល់ទីក្រុង សាន ឌីហ្គោ រួចរាល់ហើយ... វាមានសុវត្ថិភាពល្អ និងស្ថិតក្នុងស្ថានភាពនឹងនរ»។ លោកស្រី ស៊ីនធា ហ្វៀលស៍ បានបដិសេធក្នុងការឆ្លើយសំនួរ អំពីរបៀបដែលនាវាមុជទឹកនេះ ត្រូវបានបញ្ជូនពីកោះ Guam ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកទៅដល់ទីក្រុង San Diego ខណៈដែលវាបានរងការខូចខាតទៅហើយនោះ។

បើតាមសារព័ត៌មានអាមេរិកមួយទៀត គឺ USNI News បានចេញផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះថា នាវាមុជទឹក-នុយក្លេអ៊ែរអាមេរិក USS Connecticut បានបណ្តែតខ្លួនប្របនឹងផ្ទៃទឹក ចេញពីកោះ Guam ទៅកាន់់ទីក្រុង San Diego ព្រោះការខូចខាតបង្កឡើងដោយគ្រោះថ្នាក់ នៅក្នុងដែនសមុទ្រចិនខាងត្បូងនោះ មិនអាចឲ្យវាធ្វើដំណើរនៅបាតសមុទ្រ បានដោយសុវត្ថិភាពទៀតឡើយ។

គួរបញ្ជាក់ថា ការចល័តនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបានបង្កគ្រោះថ្នាក់ នៅក្នុងសមុទ្រចិនខាងត្បូង កាលពីខែតុលាកន្លងទៅនេះ បានធ្វើឲ្យប្រទេសចិនថ្កោលទោស និងជជីកសួរអាមេរិកយ៉ាងខ្លាំង អំពីសកម្មភាពដ៏គ្រោះថ្នាក់នេះ។ ទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតប ទៅកាន់ចិនភ្លាមៗនោះឡើយ ប៉ុន្តែជាច្រើនថ្ងៃក្រោយមកទៀត ទើបកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបកស្រាយថា នាវាមុជទឹក-នុយក្លេអ៊ែរ USS Connecticut បានបុកជាមួយភ្នំនៅបាតសមុទ្រ៕