(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិកបានជួយពលរដ្ឋខ្លួន និងអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ជាង ៩០០នាក់ហើយ ឱ្យចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងផ្លាស់ប្តូរទីលំនៅទៅកាន់សហរដ្ឋអាមេរិក គិតចាប់តាំងពីថ្ងៃទី៣១ ខែសីហា បន្ទាប់ពីកងទ័ពអាមេរិក ត្រូវបានដកខ្លួនចេញពីទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានជួយពលរដ្ឋអាមេរិកចំនួន ៤៧៩នាក់ និងអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ចំនួន៤៥០នាក់ ដោយផ្ទាល់ ឱ្យចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងផ្លាស់ប្តូរទីលំនៅទៅកាន់សហរដ្ឋអាមេរិក គិតចាប់តាំងពីចុងខែសីហាមក។

ក្រសួងការបរទេសអាមេរិក បាននិយាយបន្ថែមថា ខ្លួនកំពុងទាក់ទងជាមួយពលរដ្ឋអាមេរិកមួយចំនួនទៀត ដែលចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ឱ្យត្រូវរៀបចំខ្លួននិងឯកសារធ្វើដំណើរចាំបាច់ ដើម្បីចាកចេញ ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទកំណត់ច្បាស់លាស់នៅឡើយទេ។

គួរបញ្ជាក់ថា វត្តមានរយៈពេល ០២ទសវត្សរ៍របស់សហរដ្ឋអាមេរិក នៅប្រទេសអាហ្វហ្គានីស្ថាន បានឈានដល់ទីបញ្ចប់ នៅពេលដែលជនស៊ីវិលជាង ១២៤,០០០នាក់ ក្នុងនោះរួមមានទាំងជនជាតិអាមេរិក អាហ្វហ្គានីស្ថាន និងជនជាតិដទៃទៀត ត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុល កាលពីខែសីហា ឆ្នាំ២០២១នេះ ក្រោយពេលដែលពួកតាលីបង់ បានចូលកាន់កាប់អាហ្វហ្កានីស្ថាន។

យ៉ាងណាមិញ នាពេលនោះ នៅមានជនជាតិអាហ្វហ្កានីស្ថានរាប់ពាន់នាក់ទៀត ដែលធ្លាប់ធ្វើការឲ្យសហរដ្ឋអាមេរិក ហើយប្រឈមហានិភ័យនៃការធ្វើទុក្ខបុកម្នេញដោយពួកតាលីបង់ ដែលមិនទាន់មានឱកាស បានចាកចេញពីប្រទេសអាហ្វហ្កានីស្ថាន នៅឡើយ៕