(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្តាហ៍នេះ បានឲ្យដឹងថា ពុំមានកងទ័ពឬមន្រ្តីយោធាអាមេរិកម្នាក់ណា ដែលនឹងត្រូវដាក់ពិន័យនោះឡើយ សម្រាប់ករណីវាយប្រហារដោយយន្តហោះដ្រូនអាមេរិក នៅទីក្រុងកាប៊ុលនៃប្រទេសអាហ្វាហ្កានីស្ថាន កាលពីខែសីហា ឆ្នាំ២០២១នេះ ដែលបានផ្តាច់ជីវិតជនស៉ីវិលអាហ្វហ្កានីស្ថាន១០នាក់ ក្នុងនោះរួមមានកុមារដល់ទៅ៧នាក់។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃើប៊ី (John Kirby) បាននិយាយថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានទទួលរបាយការណ៍វាយតម្លៃកម្រិតខ្ពស់ ជុំវិញករណីវាយប្រហារខាងលើ ដែលក្នុងនោះពុំមានការផ្តល់អនុសាសន៍ឲ្យធ្វើការដាក់ពិន័យ លើមន្រ្តីយោធាឬកងទ័ពអាមេរិកណាម្នាក់ឡើយ។ ក្រោយពិនិត្យមើលរបាយការណ៍ លោក Austin ក៏បានយល់ស្របចំពោះការផ្តល់អនុសាសន៍បែបនោះ និងមិនបានទាមទារឲ្យមានការកែសម្រួលអ្វីបន្ថែមនោះទេ។

គួរបញ្ជាក់ថា ករណីវាយប្រហារខាងលើរបស់យោធាអាមេរិក បានកើតឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតក្នុងកំលុងប៉ុន្មានថ្ងៃចុងក្រោយ នៃដំណើរការដកកងទ័ពនិងជម្លៀសមនុស្ស ដែលដឹកនាំដោយសហរដ្ឋអាមេរិក ចេញពីទីក្រុងកាប៊ុល បន្ទាប់ពីក្រុមតាលីបង់ បានឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន។

ខាងក្រុមមន្រ្តីអាមេរិកបាននិយាយថា ពួកគេទទួលបានព័ត៌មានសម្ងាត់អំពី លទ្ធភាពនៃការប៉ងធ្វើសកម្មភាពវាយប្រហារដោយក្រុមភេរវករ ISIS ទៅលើប្រតិបត្តិការជម្លៀសមនុស្សនៅឯព្រលានយន្តហោះកាប៊ុល។ ដូច្នេះហើយ ទើបយោធាអាមេរិកបានសម្រេចបាញ់មីស៉ីលពីយន្តហោះដ្រូន ឆ្ពោះទៅរកគោលដៅ ដែលសង្ស័យថាជា រថយន្តបង្កៃគ្រាប់បែក។

ក៏ប៉ុន្តែតាមពិតទៅ ការវាយប្រហារនោះ បានផ្តាច់ជីវិតលោក ហ្សេម៉ារី អាម៉ាឌី (Zemari Ahmadi) ដែលជាបុគ្គលិកនៃអង្គការអន្តរជាតិមួយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយនិងសមាជិកគ្រួសារចំនួន៩នាក់ទៀតរបស់លោក ក្នុងនោះរួមមានកុមារ៧នាក់៕