(ហ្សាការតា)៖ អាជ្ញាធរឧតុនិយមនៃ ប្រទេសឥណ្ឌូណេស៊ី បានសម្រេចដកចេញវិញនូវសារព្រមាន អំពីការកើតមានរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតធ្ងន់ «៧.៤រ៉ិចទ័រ» បានប្រហារដែនសមុទ្រក្នុងខេត្ត អ៊ីស នូសា តឹងហ្គារ៉ា (East Nusa Tenggara) ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

ការលុបចោលសារព្រមានខាងលើ ធ្វើឡើងនៅប្រមាណជា២ម៉ោង បន្ទាប់ពីគ្រោះរញ្ជួយដីនោះបានវាយប្រហារ កាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃអង្គារនេះ នៅសមុទ្រហ្វ្លរែស (Flores) ចម្ងាយ១១២គីឡូម៉ែត្រ ភាគពាយព្យក្រុងឡារ៉ាន់ទូកា (Larantuka) ដែលស្ថិតនៅផ្នែកខាងកើតនៃកោះហ្វ្លរែស។ ទោះវាមានកម្លាំងរំញ័រខ្លាំងក៏ដោយ ហេតុការណ៍រញ្ជួយផែនដីខាងលើ ត្រូវគេតាមដានឃើញថា មិនបានបង្កឲ្យមានការប្រែប្រួលខ្លាំង ក្នុងកម្រិតនីវ៉ូទឹកសមុទ្រឡើយ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី បានឲ្យដឹងថា ក្រោយគ្រោះរញ្ជួយដីនោះកើតឡើង មនុស្សម្នាក់បានទទួលរងរបួសនៅ តំបន់ ម៉ាងហ្ការ៉ៃ (Manggarai) នៃកោះហ្វ្លរែស ហើយសាលារៀនមួយខ្នង និងលំនៅឋានប៉ុន្មានខ្នងទៀត បានរងការខូចខាតនៅកោះសេឡាយ៉ា (Selayar) ក្នុងខេត្តស៊ូឡាវេស៉ីខាងត្បូង។

គួរបញ្ជាក់ថា បាតុភូតគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៉ី ធ្លាប់បានបង្កជារលកយក្សស៊ូណាមិអាក្រក់ៗជាច្រើន ខណៈហេតុការណ៍ដែលមនុស្សភាគច្រើនចាំមិនទាន់ភ្លេច គឺកាលពីឆ្នាំ២០០៤ នៅពេលគ្រោះរញ្ជួយដីកម្រិត៩.១រ៉ិចទ័រ នៅក្បែរកោះស៊ូម៉ាត្រាភាគខាងលិចប្រទេសឥណ្ឌូណេស៉ី បានបង្កជារលកយក្សស៊ូណាមិ ដែលបានផ្តាច់ជីវិតមនុស្សច្រើនជាង ២៣០,០០០នាក់ នៅឥណ្ឌូណេស៉ី ស្រីលង្កា ឥណ្ឌា ថៃ និងប្រទេសចំនួន៩ផ្សេងទៀត៕