(ហ្សាការតា)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីនគិន (Antony Blinken) បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូណេស៉ីហើយ នៅថ្ងៃចន្ទនេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក នៅអាស៉ីអាគ្នេយ៍ ដែលបានក្លាយជាតំបន់សមរភូមិយុទ្ធសាស្រ្តដ៏សំខាន់មួយ នៃការប្រជែងឥទ្ធិពលគ្នារវាង សហរដ្ឋអាមេរិកនិងចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។

ក្នុងដំណើរបំពេញទស្សនកិច្ច ជាលើកដំបូងរបស់លោក នៅតំបន់នេះ គិតចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឡើងកាន់អំណាច កាលពីខែមករា ដើមឆ្នាំ២០២១នេះ លោក Blinken នឹងបន្តដំណើរឆ្ពោះទៅកាន់ ម៉ាឡេស៉ីនិងថៃបន្ថែមទៀត ក្នុងសប្តាហ៍នេះ ក្រោយបញ្ចប់ទស្សនកិច្ច នៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៉ី ជាទីដែលលោកនឹងត្រូវជួបពិភាក្សា ជាមួយប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) ហើយនឹងថ្លែងសារពីយុទ្ធសាស្រ្តអាមេរិក ចំពោះឥណ្ឌូ-ប៉ាស៉ីហ្វិក នៅថ្ងៃអង្គារសប្តាហ៍នេះ។

គួរបញ្ជាក់ថា អាស៉ីអាគ្នេយ៍ គឺជាតំបន់គន្លឹះយ៉ាងសំខាន់បំផុតមួយ សម្រាប់ការប្រកួតប្រជែងឥទ្ធិពលគ្នា រវាងសហរដ្ឋអាមេរិកនិងចិន ដែលជាកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក។ រដ្ឋាភិបាលលោក បៃដិន កំពុងព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយតំបន់នេះ បន្ទាប់ពីវាបានធ្លាក់ទៅក្នុងភាពស្រពិចស្រពិល កាលពីជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕