(ណៃពិដោ)៖ សកម្មភាពនៃចលនាតស៊ូ និងបះបោរ ហាក់កំពុងតែរីកធំឡើងៗក្នុងរដ្ឋ ជីន (Chin) នៅភាគខាងលិចមីយ៉ាន់ម៉ា ចាប់តាំងតែពី ប្រទេសអាស៊ានមួយនេះ បានកើតមានរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។

ប្រជាជនស៉ីវិល ដែលខឹងសម្បារចំពោះការធ្វើរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ រួមជាមួយការបង្រ្កាបយ៉ាងហិង្សាទៅលើ ក្រុមបាតុករដែលប្រឆាំងនឹងទង្វើនោះ បាននិងកំពុងនាំគ្នាងាកទៅកាន់អាវុធ ដើម្បីចូលរួមប្រយុទ្ធតទល់ជាមួយ របបយោធាតែម្តង។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហាក់កំពុងមានការព្រួយបារម្ភខ្លាំងជាពិសេស អំពីការគំរាមកំហែងរបស់ចលនាឧទ្ទាមនៅក្នុងរដ្ឋ Chin។

យោងតាមសេចក្តីរាយការណ៍មួយចំនួន នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យោធាមីយ៉ានម៉ា បានបញ្ជូនកងកម្លាំងជំនួយបន្ថែមទៅកាន់ រដ្ឋ Chin ហើយបើកយុទ្ធនាការទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមបះបោរនៅទីនោះ។ បណ្តាញក្រុមឧទ្ទាមហៅថា កងកម្លាំងការពារដែនជីន (CDF) កំពុងតែរីកដុះដាលខ្លាំងឡើង ហើយថែមទាំងបានបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ ស្តុកស្បៀងអាហារ និងឃ្លាំងអាវុធ ព្រមទាំងសហការជាមួយ ក្រុមរណសិរ្សជាតិជីន (CNF) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងរដ្ឋ Chin ដើម្បីទទួលការហ្វឹកហាត់បន្ថែម អំពីយុទ្ធសាស្រ្តសង្រ្គាមឈ្លបទៀតផង។

គួរបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ាចាត់ទុក កងកម្លាំងតស៊ូទាំងអស់ រួមជាមួយរដ្ឋាភិបាលស្រមោល ជាក្រុមភេរវករ។ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងវិបត្តិដូចបច្ចុប្បន្ន បន្ទាប់ពីព្រឹត្តិការណ៍កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលសហគមន៍អន្តរជាតិ ចាត់ទុកជា ការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាច៕