(ហ្សាការតា)៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ក្មេងៗនៅឥណ្ឌូណេស៊ី ដែលមានវ័យចាប់ពី ៦ឆ្នាំ ដល់ ១១ឆ្នាំ នឹងចាប់ផ្តើមពីថ្ងៃអង្គារ ទី១៤ ខែធ្នូ ខាងមុខនេះតទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។

យុទ្ធនាការចាក់វ៉ាក់សាំងថ្មីខាងលើនេះ នឹងធ្វើឲ្យឥណ្ឌូណេស៊ីឈានជើងចូលក្នុង ក្រុមប្រទេសដំបូងៗគេប្រចាំនៅតំបន់អាស៊ី ដែលចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់កុមារ។ កាលពីខែវិច្ឆិកាកន្លងទៅនេះ ឥណ្ឌូណេស៊ីបានអនុម័តការចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់កុមារស្ថិតក្នុងក្រុមអាយុ ៦ឆ្នាំ ដល់ ១១ឆ្នាំខាងលើនេះដែលត្រូវបានគណនាថា មានចំនួន ២៦.៥លាននាក់ ដោយប្រើប្រាស់វ៉ាក់សាំងចិន Sinovac។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីដែលមានប្រជាជនសរុបជាង ២៧៧លាននាក់ គិតត្រឹមពេលនេះមានករណីឆ្លង COVID-19 សរុប ៤.២៦លានករណី ក្នុងនោះស្លាប់ ១៤៣,៩៣៦នាក់ និងជាសះស្បើយឡើងវិញ ៤.១១លាននាក់។ គិតត្រឹមពេលនេះ ឥណ្ឌូណេស៊ីបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២៤៩លានដូស ក្នុងនោះប្រជាជន ១០៣នាក់ (៣៧.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕