(តៃប៉ិ)៖ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានអះអាងថា ការវាយប្រហារណាមួយរបស់ចិន នឹងត្រូវប្រឈមមុខនឹងផលលំបាកយ៉ាងខ្លាំងជាទីបំផុត ពីព្រោះថាទីក្រុងប៉េកាំង មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ និងបញ្ជូនកងទ័ពចូលកោះតៃវ៉ាន់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងការពារជាតិតៃវ៉ាន់ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់សភាកោះនេះ ជាមួយនិងការបញ្ជាក់ថា សមត្ថភាពដឹកជញ្ជូនរបស់ចិន នៅមានកម្រិតនៅឡើយក្នុងពេលបច្ចុប្បន្ន ដោយមិនអាចបញ្ជូនកងទ័ពរបស់ខ្លួន ចូលទៅកាន់កោះតៃវ៉ាន់ដោយងាយស្រួលនោះទេ ដ្បិតចិនត្រូវពឹងផ្អែកលើកំពង់ផែ និងការដឹកជញ្ជូនតាមយន្ដហោះ ដែលតម្រូវឱ្យមានអាកាសយានដា្ឋនដើម្បីចុះចត។

របាយការណ៍ខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា កោះតៃវ៉ាន់មានប្រព័ន្ធការពារដែនអាកាស និងកំពង់ផែយ៉ាងរឹងមាំ ដែលអាចធ្វើការវាយបក និងមិនអនុញ្ញាតឱ្យចិនគ្រប់គ្រងអាកាសយានដ្ឋាន ឬកំពង់ផែក្នុងរយៈពេលដ៏ខ្លីនោះទេ។

បើតាមក្រសួងការពារជាតិតៃវ៉ាន់, ក្រៅតែពីមានបញ្ហាក្នុងការដឹកជញ្ជូន ចិនក៏នឹងត្រូវប្រឈមមុខនឹងការវាយប្រហារផងដែរ ពីសំណាក់កងកម្លាំងបរទេស ដែលនឹងចូលមកជួយកោះតៃវ៉ាន់។ ដូច្នេះចិនត្រូវរក្សាកងទ័ពមួយផ្នែក ដើម្បីទប់ទល់ជាមួយកងទ័ពបរទេសទាំងនោះផង ហើយត្រូវទុកកងទ័ពឃ្លាំមើលតំបន់រសើបមួយចំនួន ដូចជាតំបន់ព្រំដែនជាប់ប្រទេសឥណ្ឌា និងសមុទ្រចិនខាងត្បូងជាដើម។

គួរបញ្ជាក់ថា ការលើកឡើងរបស់តៃវ៉ាន់ខាងលើនេះ គឺចង់សំដៅទៅលើមូលដ្ឋានទ័ពរបស់ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ដែលស្ថិតនៅក្បែរៗកោះតៃវ៉ាន់ស្រាប់ ហើយជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែធ្លាប់បានបង្ហើបពីចេតនា ក្នុងការធានាសន្តិសុខតៃវ៉ាន់រួចទៅហើយ ដោយយោងតាមហេតុផលរៀងៗខ្លួន។
យ៉ាងណាក៏ដោយ កន្លងមកនេះក្រុមអ្នកជំនាញអន្តរជាតិ ធ្លាប់បានលើកឡើងថា ប្រទេសចិនមានសមត្ថភាពគ្រប់គ្រាន់ ទៅតាមគ្រប់មធ្យោបាយ ដែលមហាយក្សនេះនឹងជ្រើសរើស ដើម្បីវាយក្រសោបយកកោះតៃវ៉ាន់ទាំងមូលបាន ប្រសិនបើការវាយលុកនោះ ស្ថិតក្នុងទ្រង់ទ្រាយធំ។ ប្រទេសចិនកន្លងមកនេះ ត្រូវបានគេមើលឃើញថា បាននិងកំពុងលួងលោមផង និងគំរាមផងចំពោះកោះតៃវ៉ាន់ ដើម្បីឲ្យដែនកោះនេះ «ឈប់គិត» អំពីការចង់បាន «ឯករាជ្យ» ដោយសារតែអុចអាលពីបរទេស ដែលនឹងនាំទៅរកសង្គ្រាមជៀសមិនផុត៕