(រ៉ូម)៖ មនុស្សចំនួន៤នាក់បានបាត់បង់ជីវិត និង៥នាក់ទៀតកំពុងបន្តបាត់ខ្លួន ក្រោយហេតុការណ៍ផ្ទុះមួយ ដែលបង្កឲ្យអគារស្នាក់នៅកម្ពស់៤ជាន់មួយខ្នងដួលរលំ នៅកោះស៉ីស៉ីលី (Sicily) ភាគខាងត្បូងប្រទេសអ៉ីតាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១។

ស្រ្តី២នាក់ ត្រូវបានគេជួយទាញចេញទាំងនៅមានជីវិត ពីក្រោមគំនរអគារ ដែលស្ថិតនៅក្នុងក្រុង រ៉ាវ៉ានូសា (Ravanusa) បន្ទាប់ពីវាបានដួលរលំ កាលពីវេលាយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ហើយក្រុមជួយសង្រ្គោះ និងសុនខហិតក្លិន កំពុងបន្តប្រតិបត្តិការរុករក អ្នកដែលនៅ បាត់ខ្លួន។ អាជ្ញាធរអ៉ីតាលីបានបញ្ជាក់ថា តួលេខអ្នកស្លាប់គឺ៤នាក់។

គួរបញ្ជាក់ដែរថា យោងតាមការស៉ើបអង្កេតជាបឋម ហេតុការណ៍ផ្ទុះដែលនាំឲ្យឈានដល់ ដួលរលំអគារខាងលើ ទំនងជាបង្កឡើងដោយការលេចធ្លាយឧស្ម័ននៅក្នុងអគារនោះ។ មនុស្សប្រមាណជា៥០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ព្រោះអគារស្នាក់នៅដទៃទៀត ដែលនៅជាប់គ្នា ក៏បានរងការខូចខាតផងដែរ៕