(កង់បេរ៉ា)៖ នៅថ្ងៃអាទិត្យនេះ អូស្រ្តាលីបាននិយាយថា ខ្លួននឹងកាត់បន្ថយរយៈពេលរង់ចាំ សម្រាប់អ្នកដែលត្រូវចាក់វ៉ាក់សាំង COVID-19 ដូសជំរុញ ស្របពេលដែលករណីឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) កំពុងបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយ Reuters នៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១។

កន្លងមក អូស្រ្តាលីបានកំណត់ថា នឹងចាក់វ៉ាក់សាំងដូសជំរុញឲ្យ អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង នៅរយៈពេលយ៉ាងតិច៦ខែ បន្ទាប់ពី ពួកគេបានទទួលការចាក់ដូសទី២។ តែឥឡូវនៅចំពោះមុខ ការបន្តកើនឡើងនៃករណីឆ្លងវីរុសបំប្លែងថ្មី Omicron រដ្ឋមន្រ្តីសុខាភិបាល អូស្រ្តាលី លោក ហ្គ្រែក ហាន់ (Greg Hunt) បានប្រកាសថា គម្លាតរយៈពេលនេះ នឹងត្រូវបន្ថយមកត្រឹម៥ខែវិញ ក្រោយដូសទី២។

អូស្រ្តាលីនឹងប្រើប្រាស់វ៉ាក់សាំង Pfizer និង Moderna នៅក្នុងកម្មវិធីចាក់ដូសជំរុញរបស់ខ្លួន។ ដោយស្ថិតក្នុងចំណោមប្រទេស ដែលចាក់វ៉ាក់សាំងបង្ការ COVID-19 បានច្រើនបំផុតមួយ អូស្រ្តាលីចាក់វ៉ាក់សាំងគ្រប់ដូសឲ្យ អ្នកដែលមានវ័យលើសពី១៦ឆ្នាំ បានដល់ទៅប្រមាណជា ៩០ភាគរយ។ ទោះជាយ៉ាងណា នៅថ្ងៃអាទិត្យនេះ អូស្រ្តាលីបានកត់ត្រាករណីឆ្លងថ្មីៗដល់ទៅ ១,៥៥៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

គួរបញ្ជាក់ថា មកទល់ពេលនេះ អូស្រ្តាលីមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួនខ្ទង់ ២២៩,០០០នាក់ និងចំនួនអ្នកស្លាប់ ២,១០០នាក់៕