(បាកដាដ)៖ នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់ខាត់ឌីមី (Mustafa al-Kadhimi) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បាននិយាយថា ការដកកងកម្លាំងផ្នែកប្រយុទ្ធនៃក្រុមយោធាបរទេស ដែលដឹកនាំឲ្យសហរដ្ឋអាមេរិក សឲ្យឃើញថាកងទ័ពអ៉ីរ៉ាក់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាសន្តិសុខនិងស្ថិរភាព នៅក្នុងប្រទេសដោយខ្លួនឯងផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១។

លោក al-Kadhimi បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ យើងនឹងមើលឃើញនូវការដកកងទ័ពផ្នែកប្រយុទ្ធទាំងអស់ នៃក្រុមយោធាចម្រុះអន្តរជាតិ ចេញពីទឹកដីប្រទេសអ៉ីរ៉ាក់ ដោយស្របទៅតាមកិច្ចព្រមព្រៀងយុទ្ធសាស្រ្ត ដែលសម្រេចបានជាមួយភាគីអាមេរិក»

លោកនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ បានបន្តថា «កម្លាំងយោធាបរទេសមួយចំនួន ដែលនឹងបន្តវត្តមាននៅអ៉ីរ៉ាក់ គឺមានតួនាទីតែក្នុងផ្នែកផ្តល់ប្រឹក្សាប៉ុណ្ណោះ។ វាបង្ហាញឲ្យឃើញពីសមត្ថភាពរបស់កងទ័ពអ៉ីរ៉ាក់ផ្ទាល់ ក្នុងការរក្សាសន្តិសុខរបស់ប្រទេសអ៉ីរ៉ាក់ ក៏ដូចជាស្ថិរភាពសម្រាប់ប្រជាជនអ៉ីរ៉ាក់»

កាលពីដើមឆ្នាំ២០២០ សភាអ៉ីរ៉ាក់បានអនុម័តសេចក្តីសម្រេចមួយ ដែលតម្រូវឲ្យរដ្ឋាភិបាលអ៉ីរ៉ាក់ធ្វើយ៉ាងណា បិទបញ្ចប់វត្តមានកងកម្លាំងបរទេស នៅក្នុងប្រទេសរបស់ខ្លួន។ កាលពីខែកក្កដា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិកនិងអ៉ីរ៉ាក់ បានបើកកិច្ចសន្ទនាយុទ្ធសាស្រ្តមួយ ហើយក៏បានព្រមព្រៀងគ្នាលើ ការដកកងទ័ពអាមេរិកទាំងអស់ ដែលមានតួនាទីផ្នែកប្រយុទ្ធចេញពីអ៉ីរ៉ាក់ នៅត្រឹមថ្ងៃទី៣១ ខែធ្នូនេះ។

គួរបញ្ជាក់ថា ក្រុមយោធាចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក បានចាប់ផ្តើមបេសកកម្មនៅអ៉ីរ៉ាក់ កាលពីឆ្នាំ២០១៤ ដើម្បីកម្ចាត់ក្រុមភេរវករ ISIS ដែលបានដណ្តើមកាន់កាប់ដែនដីមួយផ្នែកធំនៃប្រទេសអ៉ីរ៉ាក់ ហើយនិងប្រទេសស៉ីរីដែលនៅក្បែរគ្នា។ ក្រុម ISIS ត្រូវបង្រ្កាបបានទៅវិញនៅ ឆ្នាំ២០១៧ ដោយឥឡូវពួកគេអាចនៅធ្វើសកម្មភាពបានតិចតួចប៉ុណ្ណោះ នៅតាមតំបន់ឆ្ងាយៗដាច់ស្រយាល។ គិតចាប់ពីឆ្នាំ២០២០ សហរដ្ឋអាមេរិកបានរក្សាកងទ័ពចំនួនប្រហែល ២,៥០០នាក់ នៅប្រទេសអ៉ីរ៉ាក់៕