(ដាកា)៖ ពលរដ្ឋ និងមន្ត្រីបង់ក្លាដែលបានសម្តែងការតវ៉ា និងថ្កោលទោស ទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីដាកា បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្រេចដាក់ទណ្ឌកម្ម ទៅលើក្រុមមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាយប់ថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១។

ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្ម ទៅលើក្រុមមន្ត្រីជាន់ខ្ពស់ នៃស្ថាប័នការពារសន្តិសុខមួយរបស់ប្រទេសបង់ក្លាដែស ហៅកាត់ថា RAB ដែលមហាអំណាចលោកខាងលិចមួយនេះ បានចោទប្រកាន់ថា ពួកគេបានចូលរួមក្នុងការបង្ក្រាប និងចាប់ខ្លួនមនុស្សរាប់រយនាក់ ព្រមទាំងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ រហូតដល់ទៅជិត ៦០០ករណី គិតចាប់តាំងពីឆ្នាំ២០១៨។

មន្ត្រីជាន់ខ្ពស់សរុបចំនួន ០៧នាក់របស់ RAB ក្នុងនោះរួមមានទាំង លោក បេណាហ្សឺ អះម៉េដ (Benazir Ahmed) ដែលត្រូវជាប្រធាននៃស្ថាប័នដ៏មានឥទ្ធិពល ប្រចាំនៅប្រទេសបង់ក្លាដែសមួយនេះផងដែរ ត្រូវបានកត់ឈ្មោះបញ្ចូលទៅក្នុង បញ្ជីទណ្ឌកម្មនៃសហរដ្ឋអាមេរិក។

ជុំវិញការដាក់ទណ្ឌកម្មទៅលើ ក្រុមមន្ត្រីជាន់ខ្ពស់បង់ក្លាដែសខាងលើនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken) បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិកបានប្តេជ្ញាយកបញ្ហាសិទ្ធិមនុស្ស ធ្វើជាស្នូលនៃគោលនយោបាយការបរទេស ហើយយើងនឹងរំលឹកអំពីការប្តេជ្ញានេះឡើងវិញ តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយ និងអំណាចដ៏សមស្រប ដើម្បីទាញការយកចិត្តទុកដាក់ ដើម្បីជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការរំលោភបំពានលើសិទ្ធិមនុស្ស»។

គួរបញ្ជាក់ថា ពលរដ្ឋមួយចំនួន រួមទាំងមន្ត្រីរដ្ឋាភិបាលបង់ក្លាដែស បានប្រកាសថ្កោលទោសភ្លាមៗ ចំពោះការបោះជំហានរបស់សហរដ្ឋអាមេរិកខាងលើនេះ ខណៈរដ្ឋមន្ត្រីការបរទេសបង់ក្លាដែសលោក ម៉ាស៊ូដ ប៊ីន ម៉ូមែន (Masud Bin Momen) បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីដាកា មកសម្តែងការមិនពេញចិត្ត ចំពោះទង្វើរបស់សហរដ្ឋអាមេរិក៕