(តៃប៉ិ)៖ អាជ្ញាធរសុខាភិបាលនៃកោះតៃវ៉ាន់ បានប្រកាសនៅថ្ងៃសៅរ៍នេះថា ករណីវិជ្ជមានដំបូងៗនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ត្រូវបានពិនិត្យរកឃើញលើអ្នកដំណើរ ០៣នាក់ មកពីបរទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាយប់ថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១។

ករណីវិជ្ជមានទាំង ០៣នាក់ខាងលើនេះ គឺម្នាក់មកពីប្រទេសអេស្វាទីនី នៃតំបន់អាហ្វ្រិកខាងត្បូង, ម្នាក់មកពីចក្រភពអង់គ្លេស និងម្នាក់ទៀតមកពីសហរដ្ឋអាមេរិក, នេះបើតាមរបាយការណ៍បឋមពី អាជ្ញាធរតាមដាន និងគ្រប់គ្រងជំងឺរាតត្បាត នៃកោះតៃវ៉ាន់។

គួរបញ្ជាក់ថា កោះតៃវ៉ាន់បានដាក់ចេញនូវវិធានការត្រួតពិនិត្យ និងធ្វើតេស្តចំពោះអ្នកដំណើរមកពីបរទេសទាំងអស់ ហើយអ្នកផ្ទុកវីរុស Omicron ទាំង ៣នាក់ខាងលើនេះ ត្រូវបានធ្វើតេស្តវិជ្ជមាននៅអំលុងពេលពួកគេ អនុវត្តវិធានការចត្តាឡីស័ករយៈពេល ២សប្តាហ៍ ពេលមកដល់ដែនដីកោះនេះ។

គិតត្រឹមពេលនេះ កោះតៃវ៉ាន់ដែលមានប្រជាជនសរុប ២៣.៨៧លាននាក់ មានករណីឆ្លង COVID-19 សរុប ១៦,៧៣១ករណី ក្នុងនោះស្លាប់ ៨៤៨នាក់ និងជាសះស្បើយវិញ ១៥,៨៦១នាក់។ អាជ្ញាធរកោះតៃវ៉ាន់បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៣៣.៤លានដូស ក្នុងនោះប្រជាជនជិត ១៥លាននាក់ (ជាង ៦៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕