(វ៉ាស៉ីនតោន)៖ ធនាគារពិភពលោក (World Bank) បានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា ម្ចាស់ជំនួយអន្តរជាតិបានយល់ព្រម បញ្ចេញជំនួយទឹកប្រាក់ចំនួន «២៨០លានដុល្លារអាមេរិក» ដល់ប្រទេសអាហ្វហ្គានីស្ថានហើយ បន្ទាប់ពីការព្រមានម្តងហើយម្តងទៀតថា ចំនួនប្រជាជនអាហ្វហ្គានីស្ថានជាងពាក់កណ្តាល កំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ «ធ្ងន់ធ្ងរ» នៅក្នុងរដូវរងានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១។

ធនាគារពិភពលោក បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិដែលបានមកពី អង្គការមូលនិធិនៃការជឿទុកចិត្ត លើការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ ហៅកាត់ថា ARTF នឹងធ្វើដំណើរទៅផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនអាហ្វហ្គានីស្ថាន នៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរនេះ។

គួរបញ្ជាក់ថា មូលនិធិខាងលើនេះ នឹងបញ្ជូនទៅដល់អង្គការមូលនិធិកុមាររបស់ អង្គការសហប្រជាជាតិ (UNICEF) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលមានវត្តមានសម្រាប់ និងសមត្ថភាពចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយនឹងប្រើប្រាស់មូលនិធិទាំងនេះ ដើម្បីគ្របដណ្តប់គម្លាតហិរញ្ញប្បទាន នៅក្នុងកម្មវិធីដែលមានស្រាប់របស់ពួកគេ ដើម្បីផ្តល់សេវាថែទាំំសុខភាព និងអាហារូបត្ថម្ភដោយផ្ទាល់ ដល់ប្រជាជនអាហ្វហ្គានីស្ថាន ដែលត្រូវបានគេអះអាងថា កំពុងប្រឈមមុខវិបត្តិជាង ១៨លាននាក់ ឬស្មើនឹងពាក់កណ្តាល នៃចំនួនប្រជាជនអាហ្វហ្កានីស្ថានសរុប៕