(ហាណូយ)៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ឱ្យដឹងនៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលវៀតណាមបានអនុម័តឲ្យចាប់ផ្តើមឡើងវិញ នូវជើងហោះហើរពាណិជ្ជកម្ម ជាទៀងទាត់រវាងប្រទេសវៀតណាម និងគោលដៅទេសចរអន្តរជាតិនានា ដែលមានសុវត្ថិភាពខ្ពស់ពីជំងឺ COVID-19 ដោយនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១។

បើតាមការជូនដំណឹងចុងក្រោយរបស់ការិយាល័យរដ្ឋាភិបាលវៀតណាម គោលដៅទេសចរទាំងនោះរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ថៃ សិង្ហបុរី ឡាវ កម្ពុជា និងសហរដ្ឋអាមេរិក។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ប៊ិញ មិញ (Pham Binh Minh) បានគូសបញ្ជាក់នៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាលថា វិធានការនេះ គឺដើម្បីស្តារការដឹកជញ្ជូនអ្នកដំណើរអន្តរជាតិឡើងវិញ ក៏ដូចជាដើម្បីបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ ព្រមទាំងផ្តល់លទ្ធភាពឱ្យជនជាតិវៀតណាមនៅឯបរទេស អាចត្រឡប់មកស្រុកកំណើតរបស់ពួកគេវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

លោក Pham Binh Minh បានបន្ថែមថា ខណៈដែលការបើកជើងហោះហើរអន្តរជាតិឡើងវិញ គឺជារឿងចាំបាច់ ការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ប្រកបដោយប្រសិទ្ធភាព ក៏ត្រូវតែធានាឱ្យបានផងដែរ ដោយជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ និងអាជីវកម្មអាកាសចរណ៍ធ្វើការយ៉ាងសកម្ម ដើម្បីសម្រេចបាននូវផែនការដែលបានអនុម័ត និងផ្តល់អនុសាសន៍សម្រាប់ការកែតម្រូវ ស្របតាមស្ថានភាពជាក់ស្តែង។

គួរបញ្ជាក់ថា ប្រទេសវៀតណាមបានបិទព្រំដែនរបស់ខ្លួន និងបិទជើងហោះហើរអន្តរជាតិទាំងអស់ជាលើកដំបូង កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ដើម្បីទប់ទល់នឹងជំងឺឆ្លងរាតត្បាត COVID-19 ដោយបានអនុញ្ញាតការចូលមកកាន់ប្រទេសនេះ សម្រាប់តែអ្នកធ្វើមាតុភូមិនិវត្តន៍វៀតណាម អ្នកជំនាញបរទេស និងកម្មករជំនាញកម្រិតខ្ពស់ ជាមួយនឹងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក៕