(ប៉េកាំង)៖ បន្ទាប់ពីនីការ៉ាហ្គាប្រកាសថា ផ្តាច់ទំនាក់ទំនងការទូត ជាមួយអាជ្ញាធរតៃវ៉ាន់រួចមក ចិន និងនីការ៉ាហ្គា បានប្រកាសរៀបចំទំនាក់ទំនងការទូតឡើងវិញ កាលពីថ្ងៃទី ១០ខែធ្នូ កន្លងទៅនេះ។ គិតមកទល់បច្ចុប្បន្ន មានប្រទេសចំនួន ១៨១ លើពិភពលោក បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន។ ប្រការនេះបានបញ្ជាក់យ៉ាងច្បាស់ថា គោលការណ៍ប្រទេសចិនមួយ ជាគំនិតឯកភាពជាទូទៅ នៃសហគមន៍អន្តរជាតិ ជាសច្ចធម៌អន្តរជាតិ បំណងរួមរបស់ប្រជាជន និងជានិន្នាការទូទៅ ដែលគ្មានកម្លាំងណាមួយអាចរារាំងបាន។

លើពិភពលោកមានប្រទេសចិន តែមួយប៉ុណ្ណោះ សាធារណរដ្ឋប្រជាមានិតចិនជា រដ្ឋាភិបាល ស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល ហើយតំបន់តៃវ៉ាន់ជា ចំណែកមួយដែលមិនអាចកាត់ផ្តាច់ពីទឹកដីរបស់ចិន។ នេះជាការពិតនៃប្រវត្តិសាស្ត្រ និងហេតុផលច្បាប់ ហើយក៏ជាក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ដែលត្រូវបានគេទទួលស្គាល់ជាសាធារណៈផងដែរ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ អ្វីដែលហៅថា «ប្រទេសចងសម្ព័ន្ធការទូត» របស់អាជ្ញាធរតៃវ៉ាន់បាន នាំគ្នា «ផ្តាច់ទំនាក់ទំនងការទូត» ជាមួយតំបន់តៃវ៉ាន់ ហើយងាកមកបង្កើតទំនាក់ទំនងការទូត ឬរៀបចំទំនាក់ទំនង ការទូតឡើងវិញជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងនេះបានធ្វើការវិនិច្ឆ័យដ៏ត្រឹមត្រូវ ចំពោះនិន្នាការពិភពលោកនាពេល បច្ចុប្បន្ននេះ ព្រមទាំងបានធ្វើការជ្រើសរើស យ៉ាងត្រឹមត្រូវតាមផលប្រយោជន៍ជាតិ និងគោលបំណងរបស់ប្រជាជនរៀងៗខ្លួន ដែលឈរនៅជាមួយភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ។

ជាក់ស្ដែងពិភពលោកបានឃើញច្បាស់ហើយថា អាជ្ញាធរតៃវ៉ាន់បាន និងកំពុងធ្វើ «នយោបាយការទូតលុយកាក់» លើឆាកអន្តរជាតិ ហើយមិនមែនចង់ជួយដល់ប្រទេស និងតំបន់ពាក់ព័ន្ធដោយចិត្តស្មោះនោះទេ ត្រឹមតែចង់ឆ្លៀតឱកាសនេះសម្រេច គោលដៅបំបែកបំបាក់ប្រទេសចិន។ តាមដឹងបច្ចុប្បន្ននេះ អាជ្ញាធរតៃវ៉ាន់បាន សម្រេចចិត្តបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយនីការ៉ាហ្គា និងផែនការផ្តល់ជំនួយ ដល់នីការ៉ាហ្គាទាំងស្រុងរួចហើយ និងបានដកបុគ្គលិកក្រុមបច្ចេកទេសមកវិញ នេះបានលាតត្រដាងពីធាតុពិតនៃ «នយោបាយការទូតលុយកាក់» របស់តៃវ៉ាន់។

បន្ទាប់ពីចិន និងនីការ៉ាហ្គាប្រកាស រៀបចំទំនាក់ទំនងការទូតឡើងវិញប្រទេសទាំងពីរ នឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យលើមូលដ្ឋានដែលគោរពគ្នាទៅវិញ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកដោយស្មើភាព ដើម្បីបម្រើឧត្តមប្រយោជន៍ដល់ប្រទេស និងប្រជាជនប្រទេសទាំងពីរ។ អ្វីដែលហៅថា «ប្រទេសចងសម្ព័ន្ធការទូត» របស់តំបន់តៃវ៉ាន់ ដែលនៅសេសសល់មិនបានប៉ុន្មានផងនោះ គួរតែបញ្ឈប់សកម្មភាពខុសឆ្គង ដើម្បីធ្វើការជ្រើសរើសឱ្យត្រឹមត្រូវ ដែលសមស្របនឹងនិន្នាការ ទូទៅ និងសមស្របតាមបំណងរបស់ប្រជាជន។

សូមកុំវិនិច្ឆ័យខុសឆ្គង ចំពោះស្ថានការណ៍ឱ្យសោះ។ បើប្រៀបធៀបនឹងការធ្វើតាម និន្នាការរបស់នីការ៉ាហ្គា អាជ្ញាធរលីទុយអានីបានបំពានសច្ចភាព និងប្រព្រឹត្តទៅផ្ទុយពី និន្នាការទូទៅ ពោលគឺអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់បង្កើត អ្វីដែលហៅថា «ទីស្នាក់ការ តៃវ៉ាន់ប្រចាំលីទុយអានី» ដែលល្មើសនឹងគោលការណ៍ប្រទេសចិនមួយដោយបើកចំហ មុខជានឹងបង់ថ្លៃដោយសារទង្វើនេះជាក់ជាមិនខាន!
មិនថា បុគ្គលណាក៏ដោយ ក៏មិនត្រូវ វាយតម្លៃទាប ចំពោះការប្តេជ្ញាចិត្តដ៏មុតមាំ ឆន្ទៈដ៏មោះមុត និងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រជាជនចិន ក្នុងការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីនោះឡើយ។ ប្រសិនបើ អាជ្ញាធរតៃវ៉ាន់នៅតែបន្ត «ពឹងផ្អែកទៅលើអាមេរិក ដើម្បីស្វែងរកឯករាជ្យ» និង ឃុបឃិតគ្នាបង្កភាពវឹកវរនោះ ច្បាស់ជានឹងទទួលបរាជ័យកាន់តែធំជាមិនខាន!៕ (#CCFR Comment#)