(ឡុងដ៍)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃទីភ្នាក់ងារសុខាភិបាលអង់គ្លេស បានរកឃើញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 «ដូសជំរុញ» អាចការពារអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) មិនឲ្យធ្លាក់ខ្លួនឈឺក្នុងកម្រិតស្រាលបានចាប់ពី ៧០% ទៅ ៧៥%។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១។

ការរកឃើញខាងលើនេះ គឺជាលើកដំបូងហើយសម្រាប់លទ្ធផល ដែលទទួលបានមកពីការស្រាវជ្រាវនៅខាងក្រៅមន្ទីរពិសោធន៍ ខណៈវាបានបង្ហាញថា ប្រព័ន្ធភាពសុំារបស់មនុស្ស សម្រាប់ទប់ទល់ការឆ្លង Omicron មានការធ្លាក់ចុះ។ ខណៈលទ្ធផលសិក្សារបស់អន្តរជាតិ កាលពីលើកមុនបានបង្ហាញថា អ្នកដែលបានចាក់វ៉ាក់សាំងរួច ២ដូស អាចមានប្រព័ន្ធភាពសុំាធ្លាក់ចុះ ដែលងាយនឹងធ្លាក់ខ្លួនឈឺ ក្នុងកម្រិតស្រាលពេលឆ្លងមេរោគ Omicron នោះ លទ្ធផលសិក្សាថ្មីរបស់អង់គ្លេសនេះវិញ បានបង្ហាញឲ្យឃើញថា វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ អាចជួយស្តារប្រព័ន្ធភាពសុំាឡើងវិញបាន នៅក្នុងកម្រិតសមរម្យមួយ។

ជុំវិញបញ្ហានេះ វេជ្ជបណ្ឌិត ម៉ារី រ៉ាមសេយ (Mary Ramsay) ប្រធានដឹកនាំការស្រាវជ្រាវរបស់អង់គ្លេសខាងលើនេះ បានលើកឡើងថា «ការគណនាថ្មីចុងក្រោយនេះ គួរតែក្លាយជាការជំរុញឲ្យមានភាពប្រុងប្រយ័ត្ន ព្រោះការចាក់ដូសជំរុញអាចធ្វើទៅបាន នៅក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការចាក់ដូសទី ២។ ហេតុដូច្នេះ វានឹងក្លាយជាចន្លោះពេលដ៏មានហានិភ័យ ដែលយើងអាចនឹងងាយឆ្លងវីរុស Omicron ជាងវីរុស Delta ទៅទៀត»

បើតាមអាជ្ញាធរសុខាភិបាលរបស់អង់គ្លេស ហានិភ័យអាចនឹងត្រូវកាត់បន្ថយ នៅក្រោយការចាក់វ៉ាក់សាំងដូសជំរុញ, ហេតុដូច្នេះ អាជ្ញាធរអង់គ្លេសបានជំរុញឲ្យពលរដ្ឋ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការទទួលយកវ៉ាក់សាំងដូសជំរុញនោះ ប្រញាប់រួសរាន់ទៅទទួលការចាក់ នៅតាមទីតាំងដែលបានកំណត់។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលនៃសហរដ្ឋអាមេរិក ក៏ទើបតែបានប្រកាសអំពីលទ្ធផលស្រាវជ្រាវ ស្រដៀងគ្នានេះផងដែរ ចំពោះអត្ថប្រយោជន៍នៃវ៉ាក់សាំងដូសជំរុញ ដើម្បីទប់ទល់មេរោគបំប្លែងថ្មី Omicron ខណៈតំបន់អឌ្ឍគោលខាងជើងផែនដី កំពុងឈានទៅរករដូវរងាដ៏ត្រជាក់ ដែលនឹងអាចឲ្យប្រទេសនានាមើលឃើញ អត្រាឆ្លងជំងឺ COVID-19 កើនឡើងវិញខ្លាំង៕