(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ជនឈ្មោះ Nathan Law ដែលជាជនបង្កភាពវឹកវរនៅហុងកុង និងកំពុងរត់គេចខ្លួននៅអាមេរិកបានអះអាងថា ខ្លួនទទួលបានការអញ្ជើញពីសំណាក់សហរដ្ឋអាមេរិក ដើម្បីត្រៀមនឹងថ្លែងសុន្ទរកថានៅក្នុងអ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» នោះ។ ការចាត់ទុកជនសង្ស័យ ដែលកំពុងរត់គេចខ្លួនម្នាក់ជា «ភ្ញៀវកិត្តិយស» សម្រាប់ចូលរួមកិច្ចប្រជុំនេះ ទង្វើរបស់អាមេរិក គឺពិតជាធ្វើឱ្យគេគ្រប់គ្នាស្រឡាំងកាំង នេះមិនត្រឹមតែបានលាតត្រដាងយ៉ាងច្បាស់ នូវគោលបំណងដ៍អាក្រក់របស់អាមេរិក ដែលបានផ្តល់ការជ្រកកោនដល់ជនបង្កភាពវឹកវរនៅហុងកុង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយយកបញ្ហាប្រជាធិបតេយ្យធ្វើជាលេសប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យពិភពលោកបានមើលឃើញយ៉ាងច្បាស់ ពីពុតត្បុត និងស្តង់ដារពីររបស់ «ប្រជាធិបតេយ្យបែបអាមេរិក» ផងដែរ។

ជនឈ្មោះ Nathan Law គឺជា «ពួកអបគមន៍នៅហុងកុង» សុទ្ធសាធ ហើយក៏ជា «ទ័ពស្រួច» ដែលចិញ្ចឹមបីបាច់ដោយ កម្លាំងប្រឆាំងប្រទេសចិនរបស់សហរដ្ឋអាមេរិក និងលោកខាងលិចអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ជនម្នាក់នេះបានព្រលយពាក្យសម្តីអំពីការញុះញង់ ឱ្យបំបែកបំបាក់មាតុប្រទេសជាច្រើនលើក ដែលញុះញង់ឱ្យយុវជននៅហុងកុង មួយចំនួនប្រព្រឹត្តអំពើខុសច្បាប់ ហើយបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ជាច្រើនលើក ដើម្បីឃុបឃិតគ្នាជាមួយកម្លាំងប្រឆាំងប្រទេសចិន នៅអាមេរិកផងដែរ។ កាលពីខែកក្កដា ឆ្នាំ ២០២០ ប៉ូលិសហុងកុងបានចេញបទបញ្ជា ឱ្យចាប់ក្រុមជនបង្កភាពចលាចលនៅហុងកុង ដែលបានរត់គេចខ្លួននៅបរទេស ក្នុងនោះបូករួមទាំងជនឈ្មោះ Nathan Law ផងដែរដែលបានជាប់ទោសពីបទញុះញង់ ឱ្យបំបែកបំបាក់ប្រទេសជាតិ និងបទឃុបឃិតគ្នាជាមួយកម្លាំងបរទេស ឬនៅក្រៅប្រទេសចិន ដើម្បីបំផ្លិចបំផ្លាញសន្តិសុខជាតិ។

ចាប់ពីការអញ្ជើញអាជ្ញាធរតៃវ៉ាន់ ឱ្យចូលរួមអ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» រហូតដល់ការផ្តល់ការគាំទ្រដល់ជនជាប់សង្ស័យ ដែលកំពុងរត់គេចខ្លួន ដូចឈ្មោះ Nathan Law ជាដើម ឧបាយកលរបស់អាមេរិក ដែលប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ដើម្បីប្រឆាំងនឹងប្រទេសចិន ហើយបង្កភាពចលាចលនៅហុងកុង គឺ ឃើញច្បាស់ដូចថៃ្ង។ ដូចការវិភាគមួយចំនួនដែលបានលើកឡើងថា សហរដ្ឋអាមេរិកប៉ុនប៉ងធ្វើការបដិបក្ខគ្នា លើផ្នែកមនោគមវិជ្ជា និងបង្កើតប្លុកថ្មីដែលបានដឹកនាំដោយអាមេរិកតាមរយៈ «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» ដើម្បីដាក់ឱ្យប្រទេសចិននៅឯកោ និងធ្វើការតតាំងគ្នាជាមួយប្រទេសចិន។

ជាការពិតណាស់ ឧបាយកលទាំងនេះនឹងមិនអាចសម្រេចបានជាដាច់ខាត ពីព្រោះការពិតជាក់ស្តែងបានបញ្ជាក់រួចជាស្រេចហើយថា ទោះបីជាសហរដ្ឋអាមេរិកតែងតែលើកទង់ «ប្រជាធិបតេយ្យ» ក៏ដោយ ក៏ប៉ុន្តែមិនដែលយកចិត្តទុកដាក់យ៉ាងពិតប្រាកដ ដល់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ប្រជាជនទីក្រុងហុងកុងបន្តិចសោះឡើយ ផ្ទុយទៅវិញ គិតតែពីធ្វើយ៉ាងដូចម្តេច ដើម្បីការពារអនុត្តរភាព និងផលប្រយោជន៍របស់ខ្លួនឱ្យបានតែប៉ុណ្ណោះ។

ដូចការលាតត្រដាងរបស់សៀវភៅសស្ដីពី «ប្រជាធិបតេយ្យរបស់ប្រទេសចិន» ដែលរដ្ឋាភិបាលចិនបានដាក់ចេញនាពេលថ្មីៗកន្លងទៅនេះ ដោយបានលើកឡើងថា «ប្រជាធិបតេយ្យមិនមែនជាវត្ថុតែងលម្អនោះទេ ក៏មិនមែនជាវត្ថុសំរាប់ដាក់តាំង ដើម្បីឱ្យល្អមើលដែរ តែត្រូវយកមកប្រើប្រាស់ ក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ»។

នាពេលបច្ចុប្បន្ននេះ ស្ថានភាពទូទៅនៃទីក្រុងហុងកុងបានកំណត់រួចរាល់ហើយ។ ក្រោមការធានាយ៉ាងមុតមាំ នៃច្បាប់សន្តិសុខជាតិនៅហុងកុង ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ប្រជាជនទីក្រុងហុងកុង ទទួលបានការគាំពារមិនធ្លាប់មានកាលពីមុន ហើយនិន្នាការប្រវតិ្តសាស្ត្រនៃហុងកុង ដែលប្រែក្លាយពីភាពចលាចល ទៅជាមានរបៀបរៀបរយ ព្រមទាំងប្រែពីអភិបាលកិច្ចទៅជាវិបុលភាព និងរីកលូតលាស់ គឺមិនអាចបង្វិលថយក្រោយនោះទេ។ រឿងកំប្លែងខាងនយោបាយ ដែលបានដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើអនុត្តរភាពដោយយកបញ្ហា «ប្រជាធិបតេយ្យក្លែងក្លាយ» ធ្វើជាលេស នេះមុខជានឹងត្រូវបរាជ័យជាក់ជាមិនខាន៕ (#CCFRComment#)