(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចដាក់ទណ្ឌកម្មកម្រិតធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ទៅលើបុគ្គល និងក្រុមហ៊ុននានានៅប្រទេសចិន, មីយ៉ាន់ម៉ា, កូរ៉េខាងជើង និងបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១។

ដោយឡែកប្រទេសកាណាដា និងចក្រភពអង់គ្លេសក៏បានសម្រេចចិត្ត ចូលរួមជាមួយសហរដ្ឋអាមេរិកផងដែរ ក្នុងការដាក់់ទណ្ឌកម្មពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស ទៅលើប្រទេសមីយ៉ាន់ម៉ា ខណៈទណ្ឌកម្មពីសហរដ្ឋអាមេរិកទៅលើកូរ៉េខាងជើង គឺជាទណ្ឌកម្មថ្មីសម្រាប់រដ្ឋបាលលោក ចូ បៃដិន ដែលត្រូវបានដាក់ទៅលើប្រទេសនេះ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវបានគេមើលឃើញថា បានប្រើប្រាស់ «ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ» និងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ ដែលមានប្រទេសជាង ១០០ ចូលរួម និងសហរដ្ឋអាមេរិកជាម្ចាស់ផ្ទះ ដើម្បីដាក់ទណ្ឌកម្មបន្ថែមចំពោះប្រទេសទាំង ៤ ខាងលើនេះ ហើយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា AI សេនស៍ ថែម (SenseTime Group) របស់ចិន ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់អាមេរិកផងដែរ។
សម្រាប់មីយ៉ាន់ម៉ាវិញ ទណ្ឌកម្មរបស់អាមេរិក គឺមានគោលដៅរឹតត្បិត ទៅលើក្រុមហ៊ុននានា ដែលជាប់ពាក់ព័ន្ធនឹងយោធាកំពុងកាន់អំណាច ខណៈនៅបង់ក្លាដែស បុគ្គលមួយចំនួនបានទទួលរងទណ្ឌកម្មពីអាមេរិក ដែលសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដាក់បន្ទុកលើប្រទេសចិនកាន់ខ្លាំង ទៅលើបញ្ហាសិទ្ធិមនុស្ស ដែលប្រទេសទាំងអស់នេះបានចោទប្រកាន់ទៅលើចិនថា បាននិងកំពុងរំលោភបំពាន។ ទោះជាយ៉ាងណា ប្រទេសចិនតែងតែច្រានចោល នូវរាល់ការចោទប្រកាន់បែបនេះ។ ដោយឡែកសម្រាប់ប្រទេសកូរ៉េខាងជើងវិញ សហរដ្ឋអាមមេរិកបានដាក់ទណ្ឌកម្ម ទៅលើមន្ត្រីជាន់ខ្ពស់មួយចំនួន ក្នុងនោះក៏រួមមានលោក រី យ៉ុង ជីល (Ri Yong Gil) រដ្ឋមន្ត្រីទទួលបន្ទុកកងទ័ពប្រជាជនកូរ៉េខាងជើងផងដែរ៕