(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឱ្យក្មេងជំទង់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំពេលមានការកើនឡើង នៃករណីឆ្លងនៅក្នុងចំណោមកពួកគេទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនគាំទ្រជាខ្លាំងសម្រាប់ការចាក់វ៉ាក់សាំងឱ្យក្មេងជំទង់ ខណៈចំនួនករណីឆ្លង បានបន្តកើនឡើងក្នុងចំណោមពួកគេទាំងនោះ ដែលមិនទាន់បានចាក់វ៉ាក់សាំង។

ចំនួនករណីឆ្លងសរុប ក្នុងចំណោមក្មេងជំទង់ ដែលមានអាយុពី ១២ឆ្នាំទៅ ១៧ឆ្នាំ បានកើនឡើងពី ៣,៦៣០ករណីក្នុងខែកញ្ញាដល់ ៤,៨៣៧ករណីក្នុងខែតុលា និងបន្តឡើងដល់ ៦,៦១២ករណីក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ទីភ្នាក់ងារ KDCA បានបន្ថែមថា ការឆ្លងក្នុងចំណោមសិស្សអនុវិទ្យាល័យ បានកើនឡើង ដោយសារតែអត្រានៃការចាក់វ៉ាក់សាំងទាបរបស់ពួកគេ បើប្រៀបធៀបទៅនឹងសិស្សវិទ្យាល័យ។

បើតាមទិន្នន័យចុងក្រោយបង្អស់ អត្រាចាក់វ៉ាក់សាំងពេញលេញ ក្នុងចំណោមអ្នកដែលមានអាយុពី ១៦ឆ្នាំ-១៧ឆ្នាំ នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺមាន៦៥.៨ភាគរយ ខណៈក្នុងចំណោមអ្នកដែលមានអាយុពី ១២ឆ្នាំ-១៥ឆ្នាំ គឺមានត្រឹមតែ ១៨.៥ភាគរយប៉ុណ្ណោះ ហើយអត្រាចាក់វ៉ាក់សាំងពេញលេញ ក្នុងចំណោមអ្នកដែលមានអាយុពី ១៨ឆ្នាំឡើងទៅ បានកើនឡើងដល់ ៩១.៩ភាគរយ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃពុធសប្ដាហ៍នេះ៕