(ស៉ីដនី)៖ ជំងឺ COVID-19 បាននិងកំពុងឆ្លងរីករាលដាលនៅតាមហាងស្រា និងក្លឹបកម្សាន្តនានាក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី រួមទាំងករណីឆ្លងវីរុសបំប្លែងថ្មី Omicron ចំនួន ០៣ករណី ដែលត្រូវបានរកឃើញក្នុងចំណោម អ្នកដែលធ្វើដំណើរកម្សាន្តតាមទូកនៅកំពង់ផែផងដែរ ដែលជាហេតុនាំឱ្យអាជ្ញាធរប្រញាប់ប្រញាល់ ដើម្បីកំណត់រកអ្នកមានជាប់ទំនាក់ទំនង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល កុំឲ្យកាន់តែខ្លាំងឡើងថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

លោកស្រី ម៉ារីយ៉ាន ហ្គែល (Marianne Gale) អគ្គនាយករងផ្នែកសុខាភិបាលនៃរដ្ឋញូសោតវែលស៍ (New South Wales) បាននិយាយនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ថា «យើងបានឃើញការឆ្លងរីករាលដាល កាន់តែខ្លាំងឡើងនៃជំងឺ COVID-19 នាពេលថ្មីៗនេះ នៅក្នុងកន្លែងជួបជុំសង្គម ដែលមានមនុស្សប្រមូលផ្តុំច្រើនៗ... ហើយវាពិតជាកត្តារួមចំណែកដល់ការកើនឡើងនៃករណីឆ្លង»

មនុស្សរាប់សិបនាក់ដែលបានចូលទៅក្នុងហាងស្រា នៅទីក្រុងស៊ីដនី បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 ហើយក្រុមមន្ត្រីកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តហ្សែន ដើម្បីមើលថាតើពួកគេបានឆ្លងវីរុសបំប្លែងថ្មី Omicron ដែរឬយ៉ាងណា។

ករណីឆ្លងវីរុសបំប្លែងថ្មី Omicron បាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីប្រទេសអូស្ត្រាលី បានរាយការណ៍ពីការរកឃើញករណីឆ្លងនៃវីរុសនេះ ជាលើកដំបូង ប្រហែល០២សប្តាហ៍មុន។ នាពេលឥឡូវនេះ វាបានកើនឡើងដល់ប្រហែល ៥០ករណីហើយ រួមទាំងករណីឆ្លងថ្មីៗចំនួន ០៣ករណី ដែលជាប់ទាក់ទងនឹង អ្នកធ្វើដំណើរកម្សាន្តតាមទូក នៅទីក្រុងស៊ីដនីផងដែរ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្ត្រាលី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២២៣,៩១៤ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ២,០៨២នាក់ និងអ្នកជាសះស្បើយចំនួន ២០៥,៤៦១នាក់៕