(ឡុងដ៍)៖ លោកស្រី អាឡេហ្ក្រា ស្រ្តេតតុន (Allegra Stratton) ដែលជាទីប្រឹក្សានាយករដ្ឋមន្រ្តីអង់គ្លេស បានសម្រេចចិត្តលាលែងពីតំណែងជា អ្នកនាំពាក្យរបស់រដ្ឋាភិបាលអង់គ្លេសសម្រាប់ កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃ ជុំវិញការបែកធ្លាយឃ្លីបវីដេអូមួយ ដែលបង្ហាញឲ្យឃើញលោកស្រី និយាយលេងសើច អំពីពិធីជប់លៀងបុណ្យណូអែល កាលពីឆ្នាំមុន ខណៈទីក្រុងឡុងដ៍ កំពុងស្ថិតក្រោមវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នាពេលនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

ឃ្លីបវីដេអូមួយដែលទទួលបានដោយសារព័ត៌មានអង់គ្លេស ITV News ត្រូវបានគេរាយការណ៍ថា ជាការសមត្រៀមសម្រាប់ សន្និសីទសារព័ត៌មានដែលត្រូវផ្សាយតាមទូរទស្សន៍ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ពោលគឺរយៈពេល ០៤ថ្ងៃ បន្ទាប់ពីពិធីជប់លៀងបុណ្យណូអែល ត្រូវគេសង្ស័យថាបានធ្វើឡើង នៅវិមានរដ្ឋាភិបាលអង់គ្លេស ដោននីង ស្រ្ទីទ (Downing Street) ដែលនៅពេលនោះ ទីក្រុងឡុងដ៍ត្រូវបានដាក់ឱ្យស្ថិត នៅក្រោមវិធានការរឹតត្បឹតកម្រិតទី៣ ដែលហាមឃាត់ការជួបជុំនៅទីកន្លែងបិទជិត ដោយប្រជាជនអង់គ្លេស មិនអាចជួបជុំសាច់ញាតិ សម្រាប់រដូវបុណ្យគ្រីស្មាស់បានឡើយ។

ជុំវិញការបែកធ្លាយវីដេអូខាងលើ លោកស្រី Stratton កាលពីថ្ងៃពុធសប្ដាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍ទាំងទឹកភ្នែក នៅខាងក្រៅផ្ទះ របស់លោកស្រី ដោយនិយាយថា លោកស្រ្តីបានធ្វើការសម្រេចចិត្តលាលែងពីតួនាទីហើយ ព្រោះវីដេអូនេះបានក្លាយបញ្ហាដ៏រំខានមួយ។

លោកស្រីបានបន្ថែមថា «ប្រជាជនអង់គ្លេសបានលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ នាពេលឥឡូវនេះ ខ្ញុំខ្លាចថាការអត្ថាធិប្បាយរបស់ខ្ញុំ បានក្លាយទៅជាការរំខានដល់ការប្រយុទ្ធប្រឆាំងនោះ។ ការអត្ថាធិប្បាយរបស់ខ្ញុំ ហាក់ដូចជាបង្ហាញពីការ មើលស្រាលចំពោះច្បាប់ គឺច្បាប់ដែលអ្នកគ្រប់គ្នា ធ្វើគ្រប់យ៉ាងដើម្បីគោរពតាម។ នោះមិនមែនជាចេតនារបស់ខ្ញុំទេ។ ខ្ញុំនឹងសោកស្ដាយចំពោះ ការអត្ថាធិប្បាយទាំងនោះរបស់ខ្ញុំអស់មួយជីវិត ហើយខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅ ចំពោះអ្នកទាំងអស់គ្នា»

យ៉ាងណាក្តី លោកស្រី Stratton មិនបានបញ្ជាក់ឲ្យច្បាស់ថា តើពិតជាមានពិធីជប់លៀងបុណ្យណូអែល ត្រូវបានប្រារព្ធឡើង ដូចការសង្ស័យឬ យ៉ាងណាឡើយ កាលពីឆ្នាំមុន។ រីឯនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ក៏បានចេញមុខសុំទោសផងដែរ ហើយបានស្នើឲ្យប្រធានខុទ្ទការល័យរបស់លោក បើកការស៉ើបអង្កេតជុំវិញរឿងនេះ៕