(ប៉េកាំង)៖ អាជ្ញាធរត្រួតពិនិត្យឱសថនៃប្រទេសចិន ទើបតែផ្តល់ការអនុម័តក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់ សម្រាប់ថ្នាំព្យាបាលជំងឺ COVID-19 ដំបូងបង្អស់របស់ខ្លួន បន្ទាប់ពីការធ្វើតេស្តបានបង្ហាញថា វាបានប្រសិទ្ធភាពខ្ពស់ក្នុងការជួយកាត់បន្ថយលទ្ធភាព នៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងការបាត់បង់ជីវិត ក្នុងចំណោមក្រុមអ្នកជំងឺដែលប្រឈមហានិភ័យខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាសផ្លូវការមួយ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋបាលជាតិត្រួតពិនិត្យផលិតផលវេជ្ជសាស្រ្តចិន បានឲ្យដឹងថា ខ្លួនបានផ្តល់ការអនុម័តក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់ ចំពោះថ្នាំព្យាបាលជំងឺ COVID-19 ប្រភេទ ម៉ូណូក្លូណាល់ អង់ទីបាឌី (monoclonal antibody) ដែលជាការបញ្ចូលអង់ទីករឲ្យអ្នកជំងឺផ្ទាល់ ដើម្បីទប់ទល់ជាមួយមេរោគនេះ។ វាប្រើប្រាស់ថ្នាំពីរមុខរួមគ្នា ហើយបញ្ចូលទៅក្នុងខ្លួនអ្នកជំងឺ តាមរយៈការចាក់។

គួរបញ្ជាក់ថា ថ្នាំខាងលើ ត្រូវបានអភិវឌ្ឍឡើងរួមគ្នា ដោយសាកលវិទ្យាល័យសីហ័រ (Tsinghua), មន្ទីរពេទ្យទីក្រុងសិនជិន, និងក្រុមហ៊ុនជីវបច្ចេកវិទ្យា ប៊្រី បាយអូ (Brii Biosciences)។ លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា វាមានសមត្ថភាពកាត់បន្ថយលទ្ធភាព នៃការធ្លាក់ខ្លួនឈឺធ្ងន់ និងការស្លាប់ ក្នុងចំណោមអ្នកជំងឺដែលប្រឈមហានិភ័យខ្ពស់ បានដល់ទៅប្រមាណ៨០ភាគរយ៕