(ចូហាន់ណែសប៊ឺក)៖ ប្រទេសអាហ្រ្វិកខាងត្បូង នៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗជិត ២០,០០០ករណីបន្ថែមទៀត ដែលជាការបំបែកកំណត់ត្រាថ្មីមួយ ចាប់តាំងពីវីរុសបំប្លែងថ្មី អូមីក្រុង Omicron ត្រូវបានរកឃើញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

យ៉ាងណាក្តី វាមិនច្បាស់ភ្លាមៗទេថា តើករណីឆ្លងចំនួនប៉ុន្មាន ត្រូវបានបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron ប៉ុន្តែអ្នកជំនាញជឿថា វាកំពុងជំរុញឱ្យមានរលកទី៤ នៃការឆ្លងរីករាលដាលនៃជំងឺនេះ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងហើយ។

ភស្តុតាងដំបូង បានបង្ហាញថា វីរុសបំប្លែងថ្មី Omicron គឺអាចងាយឆ្លងជាងវីរុសបំប្លែងថ្មីប្រភេទមុនៗ ប៉ុន្តែរោគសញ្ញា គឺអាចមិនសូវធ្ងន់ធ្ងរទេ ដោយអ្នកឆ្លងវីរុសបំប្លែងថ្មីនេះ មានហានិភ័យទាបក្នុងការត្រូវទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាពិសេសចំពោះអ្នកជំងឺដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់។

គួរបញ្ជាក់ថា បើតាមស្ថិតិពីវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លង (NICD) នៅប្រទេសអាហ្វ្រិកខាងត្បូង ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ជាង ៣.០៧១លានករណីហើយ ក្នុងនោះមានអ្នកស្លាប់ជាង ៩០,០០០នាក់ ខណៈនិយតករសុខភាពអាហ្រ្វិកខាងត្បូង SAHPRA នៅថ្ងៃពុធសប្ដាហ៍នេះ បានអនុម័តការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer ដូសទី៣ ឬដូសជំរុញ ជូនដល់មនុស្សពេញវ័យ និងកុមារដែលមានអាយុលើសពី ១២ឆ្នាំហើយ៕