(ប៉េកាំង)៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ បានប្រារព្វធ្វើនៅខេត្តព្រៃវែង ប្រទេសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Wang Tianwen ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវជាតិលេខ១១។

គម្រោងនេះបានចុះហត្ថលេខាក្រោមសាក្ខីភាពនៃមេដឹកនាំនៃប្រទេសចិន និងកម្ពុជា ក្នុងឆ្នាំ២០១៦ ហើយបានសាងសង់ដោយក្រុមហ៊ុន CRBC រយៈពេល សាងសង់គឺពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ។ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការសាងសង់គម្រោងនេះ ហើយបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ថាផ្លូវជាតិលេខ១១ គឺជាសមិទ្ធផលផ្លែផ្កាមួយទៀតនៃចំណងមិត្តភាពកម្ពុជា-ចិន គម្រោងនេះមិនត្រឹមតែ តភ្ជាប់ខេត្តព្រៃវែង និងខេត្ត ត្បូងឃ្មុំ ជំរុញការដឹកជញ្ជូនក្នុងខេត្តនិងឆ្លងខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្ត និងការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

លោក Wang Tianwen បានថ្លែងថា កម្ពុជាមានសុភាសិតមួយឃ្លាពោលថា «ទីណាមានផ្លូវ ទីនោះមានក្តីសង្ឃឹម»។ ជនជាតិចិនក៏មានពាក្យមួយឃ្លាថា « ប្រសិនបើចង់មានបាន ត្រូវតែសាងសង់ផ្លូវជាមុនសិន»។ ក្នុងនាមជាមិត្តដែកថែបនិងជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា ចិនបានជួយកម្ពុជាសាងសង់ផ្លូវប្រវែងជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានមិត្តភាពចំនួន៨ខ្សែ។ នៅពេលអនាគត ប្រទេសចិននឹងបន្តជួយកម្ពុជាសម្រេចការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីបន្តលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ទោះបីជាប្រទេសចិន និងកម្ពុជាមិនតភ្ជាប់ព្រំដែនជាមួយគ្នាក្តី ប៉ុន្តែមិត្តភាពរវាងប្រទេសទាំងពីរមានប្រវត្តិយូរអង្វែង។ នៅក្នុងបរិបទដែលជំងឺកូវីដ១៩ នៅតែបន្តរាលដាលលើសកលលោក សហគ្រាសចិនបានពន្លឿនការសាងសង់គម្រោងនៅក្នុងប្រទេសកម្ពុជា។ គម្រោងទាំងនេះមិនត្រឹមតែបង្កើន សុភមង្គលរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌រវាងចិន និងកម្ពុជា ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកសាងសហគមន៍រួមវាសនារវាងចិន និងកម្ពុជា៕