(កូឡុំបូ)៖ កាកសំណល់នៃសារធាតុគីមី មកពីកប៉ាល់ដឹកកុងតឺន័រមួយ ដែលបានលិចបន្ទាប់ពីបានឆាបឆេះអស់រយៈពេលជាច្រើនថ្ងៃនៅឆ្នេរសមុទ្រ នៃប្រទេសស្រីលង្កា និងបានបណ្តាលឱ្យមានការប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ នឹងត្រូវបានសង់ ក៏ដូចបោសសម្អាតចេញពីផ្ទៃទឹក។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

អ្នកគ្រប់គ្រងដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បាននិយាយថា ក្រុមហ៊ុនជួយសង្គ្រោះមួយ បានចុះកិច្ចសន្យាដើម្បីយកកប៉ាល់ខាងលើមានឈ្មោះ MV X-Press Pearl ដែលបានឆាបឆេះ និងបានលិចដោយធ្វើឱ្យកាកសំណល់របស់វារសាត់អណ្ដែតមកទើរលើឆ្នេរនោះ ចេញពីផ្ទៃទឹក។

ក្រុមហ៊ុននោះ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ផែនការយកចេញនូវកាកសំណល់ នឹងធានាបាននូវការយកចេញ និងបោសសម្អាត យ៉ាងពេញលេញ និងមានសុវត្ថិភាព ក៏ដូចជាការចាត់ចែងទុកដាក់កាកសំណល់យ៉ាងត្រឹមត្រូវផងដែរ»

គួរបញ្ជាក់ថា កាកសំណល់ផ្លាស្ទិករាប់រយតោន លាយឡំជាមួយប្រេង និងកាកសំណល់ផ្សេងទៀត បានលេចធ្លាយចេញមកពីកប៉ាល់នោះបន្ទាប់ពីវាបាន ឆាបឆេះ និងបានលិចបាត់ចូលទៅក្នុងទឹក។ បើតាមក្រុមមន្រ្តីស្រីលង្កា កប៉ាល់នោះត្រូវបានគេដឹងថា បានដឹកនូវកុងតឺន័រយ៉ាងតិចចំនួន ៨១ទូដែលផ្ទុក សារធាតុគីមីដ៏គ្រោះថ្នាក់បំផុត រួមទាំងសារធាតុអាស៊ីតនីទ្រីកចំនួន ២៥,០០០គីឡូក្រាមផងដែរ។ កប៉ាល់នោះ បានឆាបឆេះតាំងពីថ្ងៃទី២០ ខែឧសភា មកម៉្លេះ នៅពេលដែលវាកំពុងរង់ចាំការអនុញ្ញាតឲ្យ ចូលចតនៅកំពង់ផែរដ្ឋធានីកូឡំបូ៕