(ញូដេលី)៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលដឹកលោក ប៊ីពីន រ៉ាវ៉ាត់ (Bipin Rawat) ជានាយសេនាធិការចម្រុះនៃកងទ័ពឥណ្ឌា បានធ្លាក់នៅរដ្ឋ តាមីល ណាឌូ (Tamil Nadu) ភាគខាងត្បូងប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ ខណៈស្ថានភាពលោកទៅជាយ៉ាងណានោះ នៅមិនទាន់មាននរណាដឹងច្បាស់ឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានឥណ្ឌា NDTV នៅរសៀលថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

ប្រភពពីកងទ័ពអាកាសឥណ្ឌាបានឲ្យដឹងថា នៅថ្ងៃពុធនេះ ឧទ្ធម្ភាគចក្រយោធាដឹកលោក Bipin Rawat រួមនិងអ្នកដំណើរ ១៣នាក់ទៀត ក្នុងនោះមានទាំងសមាជិកគ្រួសាររបស់លោក Rawat ផ្ទាល់ បានធ្លាក់នៅរដ្ឋ Tamil Nadu។ សាកសពមនុស្ស ០៥នាក់ ត្រូវបានគេរកឃើញនៅកន្លែងធ្លាក់ឧទ្ធម្ភាគចក្រ ខណៈមនុស្ស ០២នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ជាមួយស្នាមរលាកធ្ងន់ធ្ងរ។ ភ្លាមៗបែបនេះ មិនទាន់មានការបញ្ជាក់អំពី ស្ថានភាពរបស់លោក Rawat នៅឡើយទេ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុខាងលើ បានកើតឡើងនៅក្នុងស្រុក នីលជីរីស (Nilgiris) នៃរដ្ឋ Tamil Nadu មិនយូរប៉ុន្មាន បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាធុន Mi-17V5 បានហោះចាកចេញពី មូលដ្ឋានទ័ពមួយកន្លែង ក្នុងទីក្រុង ខូអ៊ីមបាទ័រ (Coimbatore) ដើម្បីឆ្ពោះទៅកាន់មហាវិទ្យាល័យយោធាមួយ ស្ថិតនៅក្នុងស្រុក Nilgiris។

លោក Bipin Rawat វ័យ ៦៣ឆ្នាំ ត្រូវបានតែងតាំងជា នាយសេនាធិការចម្រុះដំបូងបង្អស់នៃកងទ័ពឥណ្ឌា កាលពីខែមករា ឆ្នាំ២០១៩។ មុខតំណែងនេះត្រូវបានបង្កើតឡើង ក្រោមគោលដៅធ្វើសមាហរណកម្មយោធាទាំង ៣ ផ្នែករបស់ឥណ្ឌា គឺទ័ពជើងគោក ទ័ពជើងទឹក និងទ័ពជើងអាកាស៕