(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ទំនងជាមិនអាក្រក់ ឬខ្លាំងជាងវីរុសបំប្លែងថ្មីដទៃៗទៀតឡើយ ខណៈការសិក្សាស្វែងយល់ នៅតែកំពុងបន្តនៅឡើយ ដើម្បីកំណត់ឱ្យបានច្បាស់ថា តើអូមីក្រុងនេះមានភាពកាចសាហាវ នៅក្នុងកម្រិតណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) ជានាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការ WHO បានធ្វើការសន្និដ្ឋានបឋមដូចខាងលើនេះ នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Michael Ryan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អាចទៅរួចថា វាអាចចម្លងជំងឺបានលឿនរហ័សជាងវីរុសបំប្លែងខ្លួនមុនៗ តែក៏អាចទៅរួចដែរដែល Omicron ទំនងជាមិនអាចទម្លុះប្រព័ន្ធភាពសុំា បង្កើតឡើងដោយវ៉ាក់សាំងបានទាំងស្រុងនោះ»។

លោក Michael Ryan បានសង្កត់ធ្ងន់បន្ថែមថា ទិន្នន័យបឋមមិនបានបញ្ជាក់ថា Omicron អាចបង្កជាជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែគេនៅតែត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់ឱ្យ កាន់តែច្បាស់ជាងនេះ។

គួរបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ WHO ខាងលើនេះ ក៏មិនខុសពីការលើកឡើងរបស់ អ្នកជំនាញកំពូលផ្នែកជំងឺរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) នោះដែរ ដោយលោកបានពន្យល់ថា វីរុស COVID-19 បំប្លែងថ្មី «អូមីក្រុង» ទំនងជាមិនអាក្រក់ ឬខ្លាំងដូចវីរុសបំប្លែងខ្លួន Delta ដែលកំពុងវាយលុកយ៉ាងដំណំ នៅទូទាំងសហរដ្ឋអាមេរិកនោះឡើយ ខណៈការកាត់សេចក្តីពិតប្រាកដ អំពីភាពធ្ងន់ធ្ងររបស់វា នឹងត្រូវការពេលពីរទៅបីសប្តាហ៍ទៀត៕