(ដាក្កា)៖ តុលាការនៅប្រទេសបង់ក្លាដែស នាថ្ងៃពុធនេះ បានសម្រេចផ្តន្ទាទោសប្រហារជីវិតចំពោះ និស្សិតសាកលវិទ្យាល័យចំនួន ២០នាក់ សម្រាប់ករណីឃាតកម្មដ៏អាក្រក់មួយ កាលពីឆ្នាំ២០១៩ លើយុវជនម្នាក់ ដែលបាននិយាយរិះគន់រដ្ឋាភិបាល នៅលើបណ្តាញសង្គម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

សាកសពដែលពោរពេញដោយស្នាមរបួសធ្ងន់ធ្ងរ របស់យុវជនឈ្មោះ អាប់រ៉ា ហ្វាអាដ (Abrar Fahad) វ័យ២១ឆ្នាំ ត្រូវបានគេប្រទះឃើញ ក្នុងកន្លែងស្នាក់នៅរបស់និស្សិត ក្នុងសាកលវិទ្យាល័យ នៅប៉ុន្មានម៉ោង បន្ទាប់ពីយុវជនរូបនោះ បានបង្ហោះសារលើបណ្តាញ Facebook រិះគន់នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី សេក ហាស៉ីណា (Sheikh Hasina) សម្រាប់ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចែករំលែកធនធានទឹក ជាមួយប្រទេសឥណ្ឌា។

យុវជន Fahad ត្រូវបានវាយដោយដំបង និងវត្ថុរឹងផ្សេងៗទៀត អស់រយៈពេលប្រមាណជា ៦ម៉ោង ដោយនិស្សិតសរុបចំនួន២៥នាក់ ដែលជាសមាជិកនៃក្រុមយុវជនរបស់បក្សកាន់អំណាចបង់ក្លាដែស។ ខណៈនិស្សិត២០នាក់ ត្រូវបានតុលាការផ្តន្ទាទោសប្រហារជីវិត ៥នាក់ទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ក្នុងចំណោមនិស្សិតទាំង២៥នាក់នោះ គឺ៣នាក់ នៅពុំទាន់ត្រូវចាប់ខ្លួនបាននៅឡើយទេ។

គួរបញ្ជាក់ថា ការកាត់ទោសប្រហារជីវិត មិនមែនជារឿងកម្រឡើយនៅក្នុងប្រទេសបង់ក្លាដែស ដោយមានមនុស្សដល់ទៅរាប់រយនាក់ ត្រូវបានផ្តន្ទាទោសដ៏ធ្ងន់នេះ។ ការប្រហារជីវិតទាំងអស់ សុទ្ធតែធ្វើឡើងតាមរយៈការព្យួរក ដែលបន្សល់ទុកមកពី សម័យអាណានិគមចក្រភពអង់គ្លេស៕