(តេហេរ៉ង់)៖ អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោក អាលី បាហ្កេរី កានី (Ali Bagheri Kani) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា អ៊ីរ៉ង់បានចូលរួមក្នុងជុំថ្មីមួយទៀត នៃកិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយនិងសំណើដែលមានប្រយោជន៍ និងមានលក្ខណៈស្ថាបនា ហើយអ៉ីរ៉ង់បានរំពឹងថានឹងទទួលបាន «ជំហានជាក់ស្តែង» ពីបណ្ដាប្រទេសលោកខាងលិចត្រឡប់មកវិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

លោក Ali Bagheri Kani បាននិយាយបកស្រាយទៅកាន់ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នៅទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៉ីថា នៅក្នុងជុំថ្មីនៃកិច្ចពិភាក្សា ដែលបានចាប់ផ្តើមនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងវីយែន (Vienna) នៃប្រទេសអូទ្រីស ការចរចាបានឈានចូលដល់ដំណាក់កាលដ៏សំខាន់មួយ ហើយ «អ៊ីរ៉ង់បានបង្កើតសំណើដែលមានសារៈប្រយោជន៍ និងមានលក្ខណៈស្ថាបនាជាខ្លាំង លើបញ្ហាពីរ គឺការដកទណ្ឌកម្ម និងចំណាត់ការទាក់ទងបញ្ហានុយក្លេអ៊ែរ ដែលអាចជួយជំរុញឲ្យដំណើរការចរចាទៅមុខ បានយ៉ាងពិតប្រាកដ»។

គួរបញ្ជាក់ដែរថា បើតាមលោក Kani ភាគីពាក់ព័ន្ធនឹងជួបគ្នាម្តងទៀត នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងរដ្ឋធានីនៃប្រទេសអូទ្រីស ដើម្បីបន្តការពិភាក្សារបស់ពួកគេ ដូចទៅនឹងការអះអាងក្នុង សេចក្តីរាយការណ៍ព័ត៌មាននាពេលកន្លងមក៕