(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បានព្រមានតាមរយៈសន្និសីទមួយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាដឹកនាំចិនទាំងឡាយគួរតែគិតគូរ ប្រកបដោយការប្រុងប្រយ័ត្ន អំពីសកម្មភាពរបស់ពួកគេ ចំពោះកោះតៃវ៉ាន់ ដោយចិននឹងអាចជួប «ផលវិបាកដ៏អាក្រក់» ប្រសិនបើប្រទេសនេះបង្កបញ្ហា នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។

២៖ រដ្ឋចំនួន ៦ បន្ថែមទៀតហើយនៅសហរដ្ឋអាមេរិក បានប្រកាសអំពីការរកឃើញ ករណីវិជ្ជមាននៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ខណៈករណីឆ្លង និងស្លាប់ដោយសារ COVID-19 បច្ចុប្បន្ននៅទូទាំងសហរដ្ឋអាមេរិក គឺភាគច្រើនបំផុតដោយសារវីរុសបំប្លែងខ្លួន Delta។

៣៖ ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់ អង្គការសុខភាពពិភពលោក (WHO) លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បានគូសបញ្ជាក់ប្រាប់នៅក្នុងសន្និសីទមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គ្រប់គ្នាមិនគួរតក់ស្លុតខ្លាំងពេក ចំពោះការលេចឡើងនូវវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) នោះឡើយ។

៤៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បរារាំងកុំឱ្យរុស្ស៊ីបើកការវាយប្រហារលើ ប្រទេសអ៊ុយក្រែន ដែលក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកព្រមានថាអាចនឹងកើតឡើងនៅខែមករា ឆ្នាំ២០២២។

៥៖ កិច្ចចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ត្រូវផ្អាកជាបណ្ដោះអាសន្ន រហូតដល់សប្ដាហ៍ ក្រោយ ខណៈក្រុមមន្ត្រីអឺរ៉ុបបង្ហាញការស្រងាកចិត្ត ជុំវិញសំណើរបស់ទីក្រុងតេហេរ៉ង់។

៦៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៥,៣៥២នាក់ ដែលជាតួលេខ ខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែកក្កដាមក និងស្លាប់ថ្មី ៧០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕