(ប៉េកាំង)៖ ទីក្រុងមួយស្ថិតនៅភាគខាងជើងប្រទេសចិន ជាប់នឹងព្រំដែនរុស្ស៊ី បានសម្រេចផ្អាកការនាំចូលទំនិញតាមផ្លូវដែក ក្នុងនោះរួមទាំងទំនិញ ធ្យូងថ្ម និងឈើផងដែរនៅថ្ងៃពុធនេះ ដោយសារតែការកើនឡើង នៃករណីឆ្លងជំងឺ COVID-19 ស្របពេលដែលរដូវរងាកំពុងវាយលុកយ៉ាងដំណំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរសុខាភិបាលចិននៅថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៩១ករណីទៀតនៅតំបន់ក្បែរខាង និងនៅក្នុងទីក្រុង ម៉ាន់ជូលី (Manzhouli) ផ្ទាល់ ដែលមានប្រជាជនរស់នៅជាង ២៣១,០០០នាក់។ ករណីឆ្លងច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ១ខែ នៅក្នុងតំបន់ស្វយ័ត អ៊ីនណឺ-ម៉ុងហ្គោលី (Inner-Mongolia) ភាគខាងជើងប្រទេសចិននេះ បានបង្ខំឲ្យអាជ្ញាធរដាក់តំបន់តូចៗចំនួន ៥ទៀតទៅក្នុងហានិភ័យ។

គួរបញ្ជាក់ថា ការនាំចូលទំនិញតាមផ្លូវដែកពីរុស្ស៊ី ទៅកាន់ទីក្រុងម៉ាជូលីរបស់ចិនខាងលើនេះ គឺនឹងធ្វើឲ្យចរាចរណ៍ទំនិញជាច្រើនមុខត្រូវរាំងស្ទះ។ ទំនិញដឹកជញ្ជូនតាមផ្លូវដែកនេះ គឺតំណាងឲ្យជាង ៦៥% នៃទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី។ អាជ្ញាធរក្នុងតំបន់របស់ចិន បានបង្ខំចិត្តដាក់ការរឹតត្បិតលើការធ្វើដំណើរ និងបិទតំបន់មួយចំនួនខាងលើនេះ បន្ទាប់ពីករណីឆ្លង COVID-19 កាន់តែច្រើនត្រូវបានរកឃើញ៕