(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះបាននិយាយថា ខ្លួនបានផ្អាកនូវរាល់ផែនការបន្ធូរបន្ថយ វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19 នោះវិញហើយ ដោយសារតែភាពតានតឹងលើប្រព័ន្ធសុខាភិបាលរបស់ខ្លួន ក៏ដូចជាការគំរាមកំហែង ដែលបង្កឡើងដោយវីរុស COVID-19 បំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន (Moon Jae-in) បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំពិសេស ស្តីពីការឆ្លើយតបនឹងជំងឺ COVID-19 ថា វិបត្តិបានកើនឡើងកាន់តែខ្លាំង ហើយបានអំពាវនាវឱ្យមានការឆ្លើយតបរួមមួយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី Omicron មកក្នុងប្រទេស រួមទាំងការចល័តបុគ្គលិកបន្ថែមទៀត និងការរឹតត្បឹតលើការតាមដានទំនាក់ទំនង។

លោក Moon Jae-in បានបន្ថែមថា «ចំនួននៃករណីឆ្លង COVID-19 ថ្មីៗ, ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់បានកើនឡើងយ៉ាងគំហុក ហើយសមត្ថភាពគ្រែក្នុងមន្ទីរពេទ្យ កាន់តែមានភាពចង្អៀតផងដែរ»

ក្នុងខែវិច្ឆិកានេះ ប្រទេសកូរ៉េខាងត្បូង បានដកចេញនូវវិធានការរឹតត្បឹត លើម៉ោងប្រតិបត្តិការសម្រាប់ភោជនីយដ្ឋាន និងហាងកាហ្វេ ហើយក៏នឹងមានផែនការដកចេញនូវ ការកំណត់ម៉ោងប្រតិបត្តិការសម្រាប់បារ និងក្លឹប ព្រមទាំងអនុញ្ញាតឱ្យមានពិធីជប់លៀង ដែលមានមនុស្សចូលរួមរហូតដល់ ១០០នាក់ ចាប់ពីថ្ងៃទី១៣ ខែធ្នូខាងមុខនេះផងដែរ ហើយបន្ទាប់មក ក៏នឹងមានផែនការដកចេញនូវការកំណត់ចំនួនមនុស្ស ក្នុងការជួបជុំនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះផងដែរ ប៉ុន្តែរាល់ផែនការទាំងនោះ នាពេលឥឡូវនេះត្រូវបានផ្អាកសិន៕