(ស៉ីដនី)៖ អូស្រ្តាលីនៅថ្ងៃចន្ទនេះ បានផ្អាកផែនការ ដើម្បីបើកព្រំដែនទទួលពលករជំនាញ រួមទាំងនិស្សិត មកពីក្រៅប្រទេស ក្រោមហេតុផលស្រដៀងទៅនឹងប្រទេសមួយចំនួនទៀតដែរ គឺក្តីបារម្ភជុំវិញវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន (Scott Morrison) បានថ្លែងថា ការបើកព្រំប្រទល់អន្តរជាតិ ដើម្បីទទួលក្រុមបុគ្គលខាងលើ នឹងមិនអាច កើតឡើងនៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ ទៅតាមការកំណត់ឡើយ ដោយវានឹងត្រូវផ្អាកយ៉ាងហោច២សប្តាហ៍។ លោក ម៉ូរីសុន បានបញ្ជាក់ថា ការពន្យារពេលនេះ គឺជារឿងចាំបាច់ ប៉ុន្តែជាការសម្រេចចិត្តបណ្តោះអាសន្នប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ អូស្រ្តាលីបានដាក់ចេញវិធានការរឹតត្បិតថ្មី ចំពោះអ្នកដំណើរមកពី ប្រទេសនៅតំបន់អាហ្រ្វិកខាងត្បូង ចំនួន៩ ដោយសារវីរុស Omicron។ យ៉ាងណាក្តី វីរុសបំប្លែងថ្មីនេះ ត្រូវបានរកឃើញប្រមាណជា ៥ករណី ហើយ នៅក្នុងប្រទេសអូស្រ្តាលី៕