(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ពីការលើកកម្ពស់ការបណ្ដុះទេពកោសល្យខាងយោធា ដើម្បីគាំទ្រ និងស្វែងរកភាពរីកចម្រើនក្នុងការពង្រឹង សមត្ថភាពកងទ័ពចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់បែបនេះកំឡុងសុន្ទរកថាមួយ នៅឯសន្និសីទស្ដីពីការបណ្ដុះទេពកោសល្យយោធាកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយ ការកោតសរសើរយ៉ាងខ្លាំងដល់សមិទ្ធផលជាប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងការបណ្ដុះទេពកោសល្យក្នុងវិស័យយោធា នាពេលកន្លងមក។ លោក ស៊ី ជិនពីង បានបញ្ជាក់ ដូច្នេះថា «ចិនបានអនុវត្តយុទ្ធសាស្ត្រនៃការពង្រឹងយោធា តាមរយៈការបណ្ដុះទេពកោសល្យ នៅក្រោមការធ្វើកំណែទម្រង់ធនធានមនុស្សក្នុងវិស័យយោធាឱ្យកាន់តែ មានលក្ខណៈស៊ីជម្រៅ ព្រមទាំងការធ្វើទំនើបកម្មយោធា»

គួរបញ្ជាក់ថា បើតាមលោក ស៊ី ជិនពីង ទេពកោសល្យគឺជាកូនសោរគន្លឹះដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍយោធាប្រកបដោយគុណភាពខ្ពស់ ពោរពេញដោយ សមត្ថភាព និងជាផ្លូវកសាងកងទ័ពរំដោះប្រជាជនចិនឱ្យក្លាយជាយោធាលំដាប់ថ្នាក់ពិភពលោក៕