(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តមិនប្រាកដនោះទេថា វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) អាចមានសមត្ថភាពឆ្លងរាលដាល កាន់ឆាប់រហ័សថែមទៀត ធៀបនឹងវីរុសបំប្លែងថ្មីពីមុនៗ ហើយវាអាចបង្កជំងឺដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

អង្គការ WHO បាននិយាយដូច្នេះថា «ទិន្នន័យជាបឋមបង្ហាញថា អត្រាអ្នកត្រូវចូលសម្រាកព្យាបាលជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ ក្នុងប្រទេសអាហ្រ្វិកខាងត្បូង មានការកើនឡើង ប៉ុន្តែនេះគឺដោយសារការកើនឡើងជារួមនៃចំនួនអ្នកឆ្លង មិនមែនដោយសារតែការឆ្លងវីរុសបំប្លែងថ្មី Omicron ជាពិសេសនោះឡើយ»

យ៉ាងណាមិញ WHO បានបញ្ជាក់ថា ភស្តុតាងជំហានដំបូងឲ្យតំរុយថា ហានិភ័យនៃការឆ្លងជំងឺ COVID-19 ឡើងវិញ គឺខ្ពស់ជាងមុន ដោយសារវីរុសបំប្លែងថ្មីនេះ។ WHO បានបន្ថែមថា ខ្លួនកំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមអ្នកជំនាញ ដើម្បីស្វែងយល់ឲ្យបានច្បាស់ អំពីលទ្ធភាពនៃផលប៉ះពាល់របស់វីរុសបំប្លែងថ្មី Omicron ទៅលើចំណាត់ការបច្ចុប្បន្នប្រឆាំង COVID-19 រួមមានទាំងវ៉ាក់សាំងផងដែរ។

គួរបញ្ជាក់ថា យោងតាមអង្គការ WHO ការធ្វើតេស្ត PCR នៅតែអាចបន្តរកឃើញ ការឆ្លងវីរុសបំប្លែងថ្មីនេះ ដែលត្រូវបានរកឃើញដំបូងបំផុត នៅប្រទេសអាហ្រ្វិកខាងត្បូង កាលពីសប្តាហ៍កន្លងទៅ ហើយការសិក្សាកំពុងតែព្យាយាមកំណត់ថាតើ វាឥទ្ធិពលណាមួយទៅលើ ឧបករណ៍ធ្វើតេស្តរហ័សដែរ ឬអត់៕