(វ៉ាស៉ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានទទូចឲ្យមានចំណាត់ការបង្ការ និងគ្រប់គ្រងឲ្យបានតឹងរ៉ឹង ប្រឆាំងនឹង COVID-19 ខណៈលោកយល់ឃើញថា ជំងឺនេះប្រហែលជាមិនអាចកម្ចាត់ ឲ្យរលាយសាបសូន្យពីផែនដីឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Fauci បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថាវាហាក់ពុំមានផ្លូវនោះទេ ដែលយើងនឹងអាចលុបបំបាត់ជំងឺ COVID-19 ចោលទាំងស្រុងបាន ដោយសារតែ ការបន្តឆ្លងរាលដាលឥតឈប់ឈររបស់វា។ ខ្ញុំយល់ថា យើងប្រហែលមិនអាចកម្ចាត់វា ដូចដែលយើងធ្លាប់បានកម្ចាត់ជំងឺដទៃទៀតឡើយ»

យ៉ាងណាក្តី លោក Fauci បានលើកឡើងថា «ប៉ុន្តែមានមធ្យោបាយដើម្បីគ្រប់គ្រងវា ហើយវាអាស្រ័យតែទៅលើពួកយើងប៉ុណ្ណោះ ក្នុងការសម្រេចជ្រើសរើសថា តើវិធានការគ្រប់គ្រងកម្រិតណា ដែលយើងអាចស្ម័គ្រចិត្តទទួលយកបាន»។ លោក Anthony Fauci បានបង្ហាញជំហរឲ្យប្រកាន់យក វិធានការបង្ការ និងគ្រប់គ្រងដែលតឹងរ៉ឹង ដ្បិតលោកជឿថា វាគឺជាអាវុធដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងវិបត្តិ COVID-19 ដែលបានឆ្លងដល់មនុស្សជាង ២៦០លាននាក់ និងផ្តាច់ជីវិតមនុស្សប្រមាណ ៥.២លាននាក់ គិតមកទល់ពេលនេះ។

គួរបញ្ជាក់ថា ការអំពាវនាវរបស់អ្នកជំនាញកំពូលអាមេរិកខាងលើ កើតមានឡើងស្របពេលដែលករណីឆ្លង COVID-19 បានស្ទុះកើនឡើងជាថ្មីនៅអឺរ៉ុប និងតំបន់មួយចំនួននៃសហរដ្ឋអាមេរិក រួមជាមួយការលេចមុខ នៃវីរុសបំប្លែងថ្មីមួយផ្សេងទៀតនោះគឺ អូមីក្រន់ (Omicron) ដែលកំពុងធ្វើឲ្យពិភពលោកភ័យព្រួយ និងជំរុញឲ្យមានការដាក់ចេញនូវ វិធានការរឹតត្បឹតលើការធ្វើដំណើរឡើងវិញ៕