(ញូដេលី)៖ ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានចាប់ផ្តើមការនាំចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 ឡើងវិញហើយ ទៅកាន់កម្មវិធីចែកចាយវ៉ាក់សាំងសកល COVAX ដែលវាជាលើកដំបូងគិតចាប់តាំងពីខែមេសាមក ខណៈវិទ្យាស្ថានសេរ៉ូមឥណ្ឌា (Serum Institute of India ឬ SII) ដែលជាវិទ្យាស្ថានផលិតវ៉ាក់សាំងធំជាងគេបំផុតលើពិភពលោក បានព្យាករថា ការផ្គត់ផ្គង់នឹងមានការកើនឡើងយ៉ាងច្រើន ចាប់ពីដើមឆ្នាំ២០២២ខាងមុខនេះតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

វិទ្យាស្ថាន SII បាននិយាយថា ខ្លួនអាចចាប់ផ្តើមការនាំចេញឡើងវិញ បន្ទាប់បានសម្រេចគោលដៅ ក្នុងការផលិតវ៉ាក់សាំង AstraZeneca ឬ Covishield ចំនួន១ពាន់លានដូស មុនពេលកំណត់។ ឥណ្ឌាបានបានផ្អាកការនាំចេញវ៉ាក់សាំង អស់រយៈពេល ០៨ខែ ដើម្បីផ្តោតទៅផ្គត់ផ្គង់ ជូនដល់ប្រជាជនក្នុងស្រុក នៅពេលដែលករណីឆ្លងបានកើនឡើងយ៉ាងខ្លាំង។ ការផលិតវ៉ាក់សាំង Covishield របស់វិទ្យាស្ថាន SII បានកើនឡើងជិត៤ដង រហូតដល់ទៅ ២៤០លានដូសក្នុងមួយខែ ចាប់តាំងពីបានផ្អាកការនាំចេញ។

វិទ្យាស្ថានសេរ៉ូមឥណ្ឌាបានបន្ថែមថា «ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនតាមរយៈយន្តការណ៍អន្តរជាតិ COVAX ត្រូវបានរំពឹងថា នឹងកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ ព្រោះនាពេលឥឡូវនេះ ខ្លួនផលិតបានច្រើនជាង ១.២៥ពាន់លានដូស រួចទៅហើយ។

វិទ្យាស្ថាន SII បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងដល់ COVAX រហូតដល់ ៥៥០លានដូស ដែលភាគច្រើននៃវ៉ាក់សាំងទាំងនេះ ត្រូវផ្ដល់ជូនដល់ប្រទេស ដែលមានប្រាក់ចំណូលទាប។ រហូតមកដល់ពេលនេះ COVAX បានទទួលត្រឹមតែប្រហែល ៣០លានដូសពី SII ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការចាប់ផ្តើមផ្គត់ផ្គង់វ៉ាក់សាំងឡើងវិញដល់ COVAX បានកើតឡើង នៅពេលដែលវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ដែលត្រូវបានរកឃើញដំបូង នៅប្រទេសអាហ្រ្វិកខាងត្បូង បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងជំរុញឱ្យមានការដាក់ចេញនូវ វិធានការរឹតត្បឹតលើការធ្វើដំណើរសាជាថ្មី៕