(វ៉ាស៉ីនតោន)៖ អ្នកការទូតកំពូលរបស់អាមេរិកប្រចាំតំបន់អាស៊ីបូព៌ា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៉ី ម៉ាឡេស៊ី សិង្ហបុរី និងថៃ នៅចុងសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាបង្កើនការចូលរួមពាក់ព័ន្ធជាមួយអាស៊ាន ដែលជាសមរភូមិដ៏សំខាន់ក្នុងការប្រកួតប្រជែងដណ្តើមឥទ្ធិពលជាមួយប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក ដានីញែល គ្រីធិនប៊្រីង (Daniel Kritenbrink) អនុរដ្ឋលេខាធិការប្រចាំតំបន់អាស៊ីបូព៌ា នឹងមកបំពេញទស្សនកិច្ចនៅតំបន់អាស៉ីអាគ្នេយ៍ ចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះរហូតដល់ថ្ងៃទី០៤ ខែធ្នូ។ លោក Kritenbrink នឹង «បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការធ្វើការរួមគ្នា... ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងក្នុងតំបន់ដែលសំខាន់ៗ» ហើយសង្កត់ធ្ងន់លើការគាំទ្ររបស់អាមេរិកសម្រាប់ «សណ្តាប់ធ្នាប់ដែលមានមូលដ្ឋានលើច្បាប់ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា លោក Daniel Kritenbrink នឹងពិភាក្សាអំពីបញ្ហាប្រឈមស្តីពីសិទ្ធិមនុស្ស ក៏ដូចជាស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ និងវិធីដាក់សម្ពាធលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ឱ្យបញ្ឈប់អំពើហិង្សា ក៏ដូចជាអនុញ្ញាតឱ្យមានសិទ្ធិចូលដំណើរការមនុស្សធម៌ ដោយមិនមានការរារាំង។ លោក Kritenbrink ក៏នឹងពិភាក្សាអំពីមធ្យោបាយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងកសាងឱ្យកាន់តែប្រសើរឡើងវិញ ពីវិបត្តិជំងឺឆ្លងរាតត្បាតសកល COVID-19 ផងដែរ។

គួរបញ្ជាក់ថា លោក បៃដិន បានចូលរួមជាមួយមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញមួយ កាលពីខែមុន ហើយវាជាលើកទី១ ក្នុងរយៈពេល៤ឆ្នាំ ដែលទីក្រុងវ៉ាស៊ីនតោនបានចូលរួមនៅក្នុងកិច្ចប្រជុំកម្រិតកំពូលជាមួយប្លុកនេះ។ លោក បៃដិន បានសន្យាឈរជាមួយអាស៊ានក្នុងការការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមកិច្ចពិភាក្សាស្ដីពីការបង្កើត ក្របខណ្ឌសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ៕