(វ៉ាស៊ីនតោន)៖ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៤៨,៩៩៩,៧៣៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៩៨,៥៥១នាក់ និងជាសះស្បើយឡើងសរុប ៣៨.៨លាននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រប់គ្រង វិបត្តិមួយនេះមិនបានល្អទេ។ ប៉ុន្តែ នៅពេលនេះគឺដល់វេនលោក ចូ បៃដិន វិញម្ដងដែលកំពុងទទួលរងការរិះគន់ថាបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវ មួយនេះទាំងដែលអាមេរិកមានវ៉ាក់សាំងបង្ការ និងអាត្រាចាក់វ៉ាក់សាំងក្នុងកម្រិតខ្ពស់ហើយក៏ដោយ។ តើនេះគឺជាកំហុសរបស់លោក ចូ បៃដិន ឬ?

*អាទិភាព និងគុណតម្លៃ

សហរដ្ឋអាមេរិកដែលជាមហាអំណាចលេខ១ នៅលើពិភពលោក ត្រូវបានមជ្ឈដ្ឋានទូទៅយល់ថាមិនគួរក្លាយជាប្រទេសមានអ្នកស្លាប់ និងឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេ នៅលើពិភពលោកទាល់តែសោះ។ តែចង់ ឬមិនចង់ រឿងបែបនេះបានកើតឡើងរួចទៅហើយ។ លោក ចូ បៃដិន បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ក៏ដោយសារតែ ប្រជាជនអាមេរិកភាគច្រើនជឿជាក់ថាលោកអាចដោះស្រាយវិបត្តិ COVID-19 បានល្អប្រសើរជាងលោក ដូណាល់ ត្រាំ។ តែមកទល់នឹងពេលនេះ ទោះបីជាមានវ៉ាក់សាំង និងអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ ក៏ចំនួនអ្នកស្លាប់ និងអ្នកឆ្លងនៅតែមានចំនួនច្រើនដដែល។

បើតាមអ្នកជំនាញ, លោក បៃដិន ក៏មានកំហុសមួយផ្នែកដែរ តែមិនទាំងស្រុងនោះទេ។ លោកបានចំណាយពេលភាគច្រើនក្នុងឆ្នាំ២០២១នេះ ដើម្បីផ្ដោតទៅលើកញ្ចប់ ថវិកាគាំពារសង្គម នៅក្រោមផែនការ Build Back Better ជាជាងសន្មត់ថាសម័យកាលក្រោយ COVID-19 បានចូលមកដល់រួចទៅហើយ។ អង្គការសុខភាពពិភពលោក WHO ធ្លាប់បានព្រមានជារឿយៗថាការបើកព្រំដែន ឬប្រទេស ឬក៏សកម្មភាពសេដ្ឋកិច្ចឡើងវិញ គួរតែធ្វើឡើងនៅពេលដែលសម្រេចបាននូវអត្រាចាកវ៉ាក់សាំង ក្នុងកម្រិតខ្ពស់ តែជាមួយគ្នាគួរតែបន្តអនុវត្តវិធានការបង្ការដដែល ដូចជាពាក់ម៉ាសជាដើម។ ប៉ុន្តែ រដ្ឋមួយភាគធំនៅក្នុងសហរដ្ឋអាមេរិក, មានខ្លះបានលុបចោលកាតព្វកិច្ច ពាក់ម៉ាស ហើយខ្លះទៀតមិនទទួយកកាតព្វកិច្ចចាក់វ៉ាក់សាំង។

តែទោះជាបែបនេះក្ដី, បញ្ហាដ៏ធំរបស់សហរដ្ឋអាមេរិកនៅក្នុងគ្រប់គ្រងវិបត្តិ COVID-19 គឺការបែងចែករវាងអាទិភាព និងគុណតម្លៃ។ ប្រជាជនអាមេរិកភាគច្រើនឱ្យតម្លៃ លើសេដ្ឋកិច្ច ជាជាងសុខភាពសាធារណៈ ដែលនេះបានបង្កឧបសគ្គដល់ការអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការបង្ការនានា ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ហើយសម្បីតែរដ្ឋបាលលោក បៃដិន ក៏កំពុងដុតដៃដុតជើងដោះស្រាយវិបត្តិអតិផរណា ជាជាងផ្តោតលើ COVID-19ផងដែរ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងដំណាក់កាលដំបូង ព្រមជាមួយការស្រាវជ្រាវបន្ថែមទៀត ដើម្បីយល់ពីឥទ្ធិពល និងការវិវឌ្ឍនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ «B.1.1.529» ខណៈទីក្រុងហុងកុងរបស់ចិន បានក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ី ដែលបានរកឃើញវត្តមានវីរុសថ្មីនេះ លើបុរសពីរនាក់ ដែលបានធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង។

ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ កឺខូវ (Maria Van Kerkhove) ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO។ ក្នុងដំណាក់កាលនៃការប្រឈមមុខ នឹងវីរុសបំប្លែងខ្លួនថ្មី ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយនេះ លោកស្រីវេជ្ជបណ្ឌិត Maria Van Kerkhove នៅតែបន្តណែនាំអំពីសារៈសំខាន់ នៃការធានាឲ្យបានការចាក់វ៉ាក់សាំងពេញលេញ។

ប្រទេសមួយចំនួនដែលបានស្វែងយល់ អំពីវីរុសបំប្លែងថ្មី B.1.1.529 ខាងលើនេះ ដូចជាចក្រភពអង់គ្លេស និងអ៊ីស្រាអែលជាដើម បានសម្រេចផ្អាកជើងហោះហើរ ជាមួយប្រទេសអាហ្វ្រិកខាងត្បូង និង បុតស្វាណា (Botswana) ព្រមទាំងប្រទេសចំនួន ៣ ទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) រួចរាល់ហើយ ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ខណៈប្រទេសអូស្ត្រាលីវិញក៏កំពុងគិតគូរ ក្នុងការធ្វើដូចគ្នានេះផងដែរ៕

ប្រភព៖ CNA (ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១)