(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុននឹងរឹតបន្តឹងលើអ្នកធ្វើដំណើរមកពីប្រទេសចំនួន០៦ នៅទ្វីបអាហ្រ្វិក បន្ទាប់ពីវីរុសបំប្លែងខ្លួនថ្មីត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Kyodo នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រធានលេខាធិការខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានមួយថា អ្នកធ្វើដំណើរដែលទើបតែទៅ ប្រទេស Botswana, Eswatini, Lesotho, Namibia, អាហ្វ្រិកខាងត្បូង ឬ Zimbabwe នឹងតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន ១០ថ្ងៃ នៅក្នុងកន្លែងដែលកំណត់ដោយរដ្ឋាភិបាលនៅពេលពួកគេចូលមកដល់។

វិធានការនេះនឹងត្រូវចូលជាធរមាននៅថ្ងៃសៅរ៍សប្តាហ៍នេះតែម្តង ដោយកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញការការឆ្លងរីករាលដាលវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានគេស្គាល់ថា B.1.1.529 ដែលអ្នកជំនាញជំងឺឆ្លងព្រមានថា អាចឆ្លងច្រើនជាងប្រភេទមុន ឬធ្វើឱ្យវ៉ាក់សាំងដែលមានស្រាប់មិនសូវមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង បាននិយាយថា ពួកគេបានរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ក្នុងចំនួនតិចតួច ហើយកំពុងធ្វើការ ដើម្បីស្វែងយល់ពីផលប៉ះពាល់របស់វា។ ដោយឡែកអង្គការសុខភាពពិភពលោក (WHO) ក៏កំពុងសិក្សា ដើម្បីកំណត់ឥទ្ធិពលនៃវីរុសបំប្លែងថ្មីនេះផងដែរ៕