(អាហ្រ្វិក)៖ បន្ទាប់ពីចក្រភពអង់គ្លេសបានសម្រេចចិត្តដាក់បម្រាមលើ អ្នកដំណើរមកពីប្រទេសចំនួន៦ នៅតំបន់ភាគខាងត្បូងទ្វីបអាហ្រ្វិក បន្ទាប់ពីមានការលេចមុខនៃវីរុសកូវីដ១៩ បំប្លែងថ្មីមួយផ្សេងទៀតនោះ ប្រទេសអាហ្រ្វិកខាងត្បូង បានបញ្ចេញប្រតិកម្មថា ការសម្រេចចិត្តនេះ ហាក់ដូចជាប្រញាប់ខ្លាំងពេក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

មកទល់ពេលនេះ វីរុសបំប្លែងថ្មី B.1.1.529 របស់ COVID-19 ត្រូវបានរកឃើញ ក្នុងចំនួនទាបប៉ុណ្ណោះ ហើយភាគច្រើនគឺ នៅប្រទេសអាហ្រ្វិកខាងត្បូងផ្ទាល់ ដែលជាកន្លែងវាបានលេចឡើងដំបូង។ ប៉ុន្តែនៅប្រទេសអាហ្រ្វិកក្បែរខាងមួយចំនួនទៀត ព្រមទាំងទីក្រុងហុងកុង និងប្រទេសអ៉ីស្រាអែល ក៏បានរកឃើញករណីវីរុសបំប្លែងថ្មីនេះដែរ។

ក្រុមអ្នកវិទ្យាសាស្រ្ត កំពុងមានការព្រួយបារម្ភជាពិសេស ចំពោះវីរុសបំប្លែងថ្មីនេះ ដោយសារតែវាត្រូវគេពិនិត្យឃើញថា មានការបំប្លែងខ្លាំង នៅលើប្រូតេអ៉ីនទំពក់ (Spike Protein) របស់វា ពោលគឺខ្លាំងជាងវីរុសបំប្លែងខ្លួន Delta ទៅទៀត ដែលជាហេតុអាចធ្វើឲ្យ វាមានលទ្ធភាពប្រឆាំងនឹងវ៉ាក់សាំង និងឆ្លងរាលដាលកាន់តែឆាប់រហ័ស។

គួរបញ្ជាក់ថា ក្រៅពីចក្រភពអង់គ្លេស ប្រទេសជាបន្តបន្ទាប់ ក៏បានចាប់ផ្តើមចេញវិធានការដាក់បម្រាម លើអ្នកដំណើរមកពី ក្រុមប្រទេសនៅតំបន់អាហ្រ្វិកខាងត្បូងផងដែរ ជុំវិញការភ័យព្រួយអំពីវីរុសបំប្លែងថ្មីខាងលើ។ នៅថ្ងៃសុក្រនេះ អង្គការសុខភាពពិភពលោក នឹងកោះប្រជុំពិសេសមួយ ដើម្បីពិភាក្សាលម្អិត ក៏ដូចជាដើម្បីដាក់ឈ្មោះផ្លូវការ ឲ្យវីរុសបំប្លែងថ្មី B.1.1.529៕