(ហ្សឺណែវ)៖ អ្នកនាំពាក្យម្នាក់នៃ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា អង្គការនេះកំពុងកោះប្រជុំក្រុមអ្នកជំនាញ នៅឯទីស្នាក់កណ្តាលរបស់ខ្លួនក្នុងទីក្រុងហ្សឺណែវ នៅពេលថ្ងៃត្រង់ថ្ងៃសុក្រនេះតែម្តង (ត្រូវនឹងម៉ោង ៦៖០០នាទីល្ងាចនេះ ម៉ោងនៅកម្ពុជា) ដើម្បីវាយតម្លៃចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី «B.1.1.529» ស្របពេលដែលពិភពលោកទាំងមូល កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងសប្តាហ៍នេះតែម្តង ហើយវាបានរីករាលដាល ទៅកាន់ប្រទេសចំនួន ០៤ ទៀតដែលនៅក្បែរខាងដូចជា បុតស្វាណា (Botswana) ព្រមទាំងប្រទេសចំនួន ៣ ទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)។ ប្រទេសជាបណ្តើរៗហើយ បានដាក់ការរឹតត្បិតចំពោះអ្នកដំណើរមកពីប្រទេសទាំង ៥ នៅតំបន់អាហ្វ្រិកខាងត្បូងនេះ ខណៈទីក្រុងហុងកុងគឺជាដែនដីអាស៊ីដំបូងគេ ដែលបានរកឃើញវត្តមានវីរុសនេះ លើបុរសពីរនាក់មកពីអាហ្វ្រិកខាងត្បូង។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា នៅប្រទេសអាហ្វ្រិកខាងត្បូងតែឯង វីរុសនេះត្រូវបានរកឃើញលើមនុស្សជាង ១០០នាក់ហើយ ខណៈនៅប្រទេសបុតស្វាណាវិញមានចំនួនតិចតួចនៅឡើយ។ ចំពោះអការៈរោគ ឬផលប៉ះពាល់ធ្ងន់ធ្ងរក្នុងកម្រិតណា ចំពោះសុខភាព នៅពេលមនុស្សឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះ គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែវីរុសដែលមិនទាន់មានឈ្មោះផ្លូវការនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូអះអាងថា បានបំប្លែងខ្លួនជាច្រើនដង និងអាចយកឈ្នះវ៉ាក់សាំងនានាថែមទៀត។

គួរបញ្ជាក់ថា ស្ថានការណ៍នឹងទៅជាយ៉ាងណានោះ គឺមានតែរង់ចាំក្រោយការបញ្ចប់ កិច្ចប្រជុំរបស់ WHO នៅយប់ថ្ងៃសុក្រនេះប៉ុណ្ណោះ៕