(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសអាមេរិកបានប្រកាសថា នឹងអញ្ជើញអាជ្ញាធរតៃវ៉ាន់ឱ្យចូលរួមអ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» ។ អាមេរិកបានយក «ប្រជាធិបតេយ្យ» ធ្វើជាលេសដើម្បីផ្តល់ការគាំទ្រដល់កម្លាំងអបគមន៍នៅកោះតៃវ៉ាន់ ទង្វើដ៏អាក្រក់នេះបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន បានល្មើសយ៉ាងកម្រោលនូវគោលការណ៍ប្រទេសចិនមួយនិងញុះញង់ឱ្យមានការបដិបក្ខនិងការបែកបាក់គ្នា ហើយនេះជាការបំផ្លិចបំផ្លាញដ៏ធំបំផុតចំពោះតម្លៃប្រជាធិបតេយ្យ។ ដូច្នេះ ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាត ។

ដូចអ្នកវិភាគមួយចំនួនបានលើកឡើងថា អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» មានធាតុពិតដូចគ្នា ជាមួយនឹងទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគី រវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី (AUKUS)។ វាសុទ្ធតែជាមធ្យោបាយរបស់អាមេរិក សម្រាប់ឃុបឃិត និងបង្កើតជាបក្ខពួក ដើម្បីស្តារកម្លាំងដឹកនាំសកលរបស់អាមេរិកឡើងវិញ និងគាំពារអនុត្តរភាពរបស់ខ្លួន។ ដោយឡែកគោលបំណងរបស់អាមេរិក ដែលអញ្ជើញអាជ្ញាធរតៃវ៉ាន់ឱ្យចូលរួមកិច្ចប្រជុំនេះ គឺ ដើម្បីដាក់សម្ពាធ និងទប់ស្កាត់ប្រទេសចិន តាមសភាពការណ៍ជាក់ស្តែងរៀងខ្លួន ពោលគឺ វាមានចេតនាអាក្រក់ណាស់។

ប្រជាធិបតេយ្យជាតម្លៃរួមរបស់មនុស្សជាតិទាំងមូល តែមិនមែនជាប៉ាតង់របស់ប្រទេសណាមួយនោះទេ។ ប្រទេសមួយមានប្រជាធិបតេយ្យល្អឬអត់ ត្រូវអាស្រ័យដោយប្រជាជនរបស់ប្រទេសខ្លួនវាយតម្លៃ។ អ៊ីចឹងតើប្រជាធិបតេយ្យបែបអាមេរិកល្អឬទេ? គួរតែស្តាប់សំឡេងរបស់ប្រជាជនអាមេរិកសិន។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Pew នៃអាមេរិកបានបង្ហាញឱ្យឃើញថា ប្រជាជនអាមេរិកភាគច្រើន បានមិនពេញចិត្តយ៉ាងខ្លាំង ចំពោះប្រព័ន្ធរបបនយោបាយរបស់ប្រទេសខ្លួន ហើយមានតែប្រជាជន ១៧ ភាគរយប៉ុណ្ណោះសម្គាល់ឃើញថា «ប្រជាធិបតេយ្យ» របស់អាមេរិក គួរឱ្យប្រទេសផ្សេងរៀនសូត្រតាម។ យោងតាមរបាយការណ៍ប្រចាំឆ្នាំមួយច្បាប់ ដែលអង្គការអន្តរជាតិពាក់ព័ន្ធ ចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា អាមេរិកត្រូវបានដាក់បញ្ចូលក្នុងបញ្ជី «ប្រទេសដែលមានភាពថយក្រោយ លើវិស័យប្រជាធិបតេយ្យ» ជាលើកដំបូង។

ប្រជាធិបតេយ្យបែបអាមេរិក មិនបាននាំមកនូវអារម្មណ៍ទទួលបានផលប្រយោជន៍ និងអារម្មណ៍សុភមង្គលដល់ប្រជាជនអាមេរិកនោះទេ ហើយក៏ត្រូវគេចោទជាមន្ទិលសង្ស័យយ៉ាងខ្លាំង លើផ្ទៃអន្តរជាតិផងដែរ។ ការដែលអាមេរិកដកទ័ពពីអាហ្វហ្កានីស្ថានប្រកបដោយភាពបរាជ័យ ព្រមនិងការឈឺចាប់និងផលប៉ះពាល់រាប់មិនអស់ ដែលបន្សល់ទុកឱ្យប្រជាជនអាហ្វហ្គានីស្ថាន បានក្លាយជាគំរូបរាជ័យ នៃប្រជាធិបតេយ្យបែបអាមេរិកនៅក្រៅប្រទេស។

ដោយឡែក មុនពេលអាមេរិកប្រកាសបញ្ជីឈ្មោះលិខិតអញ្ជើញរបស់អ្វីដែលហៅថា កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ ក្បួននាវាចម្បងទី ៧ របស់កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថា នាវាចម្បាំងកងទ័ពអាមេរិក បានធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកទី ១១ នៅឆ្នាំនេះ។ ការបង្ហាញសាច់ដុំកម្លាំងយោធាឥតឈប់ឈរ និងបំផ្លាញដោយចេតនានូវស្ថិរភាពក្នុងតំបន់ អ្វីដែលគេហៅថា «ប៉មនៃប្រជាធិបតេយ្យ» បាននិងកំពុងធ្វើឱ្យពិភពលោក មានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។

អាចប៉ាន់ប្រមាណថា មិនថាអាមេរិកខិតខំគ្រវីទង់ជួយស្រែកបន្ទរចំពោះអ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» យ៉ាងណាក៏ដោយ ប៉ុន្តែក៏គ្មានសិទ្ធិកាន់កាប់ការធ្វើសន្និដ្ឋាន និងកាត់ក្តីលើវិស័យ «ប្រជាធិបតេយ្យ» នោះទេ ហើយក៏មិនអាចកាន់កាប់សីលធម៌ នៅលើពិភពលោកទៀងផង។ ផ្ទុយទៅវិញ ទង្វើបែបនេះបែរជាបានលាតត្រដាងនូវភាពលាក់ពុត និងស្តង់ដារពីររបស់ «ប្រជាធិបតេយ្យបែបអាមេរិក» ព្រមទាំងធ្វើឱ្យពិភពលោក មើលរឿងកំប្លែងនយោបាយម្តងទៀតផងដែរ៕