(រ៉ូម)៖ មេដឹកនាំនៃប្រទេសអ៉ីតាលី និងបារាំង នឹងត្រូវចុះហត្ថលេខាលើសន្ធិសញ្ញាមួយនៅថ្ងៃសុក្រនេះ ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី នៅចំពេលនយោបាយការទូត អឺរ៉ុប កំពុងត្រូវបានធ្វើតេស្ដតាមរយៈការចាកចេញរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

សន្ធិសញ្ញាខាងលើដែលមានឈ្មោះថា គីរីណាល់ (Quirinale Treaty) មានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉ារីស និងទីក្រុងរ៉ូម នៅលើវិស័យជាច្រើន ក្នុងនោះរួមមានការពារជាតិ, អន្តោប្រវេសន៍, សេដ្ឋកិច្ច, វប្បធម៌ និងពាណិជ្ជកម្មជាដើម។ ពិធីចុះហត្ថលេខាកើតមានឡើងត្រឹមរយៈពេលខ្លី បន្ទាប់ពីកិច្ចព្រមព្រៀងបង្កើត រដ្ឋាភិបាលចម្រុះនៅក្នុងប្រទេសអាល្លឺម៉ង់ ទទួលបានការឯកភាព ដែលនេះនឹងបិទបញ្ចប់ការកាន់តំណែងជាអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ដែលត្រូវបាន គេចាត់ទុកថាជាមេដឹកនាំដ៏ខ្លាំងម្នាក់អាចរក្សាបាននូវសាមគ្គីរបស់សហភាពអឺរ៉ុប។

គួរបញ្ជាក់ថា សន្ធិសញ្ញា Quirinale Treaty ត្រូវបានយកឈ្មោះតាមវិមានរបស់ប្រធានាធិបតីអ៉ីតាលី និងមានលក្ខណៈស្រដៀងគ្នាទៅនឹងសន្ធិសញ្ញាបារាំង-អាល្លឺម៉ង់ ឆ្នាំ១៩៦៣ដែរ។ សន្ធិសញ្ញានេះត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យបារាំង និងអ៉ីតាលីស្វែងរកចំណុចរួមជាច្រើន នៅមុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ខណៈបារាំងក៏បាន ព្រមព្រៀងលើគោលនយោបាយសំខាន់ៗមួយចំនួនជាមួយអាល្លឺម៉ង់ផងដែរ៕