(ប៉េកាំង)៖ សកម្មភាពអបអរសាទរការរាប់ថយក្រោយ ១០០ថ្ងៃ នៃការប្រកួត កីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ (Beijing2022) បានធ្វើឡើងនៅមជ្ឈមណ្ឌលកីឡាហែលទឹកជាតិចិន ដែលស្ថិតនៅទីក្រុងប៉េកាំងរដ្ឋធានីប្រទេសចិន កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ផែនការរត់បណ្តាក់ភ្លើងគប់កីឡាប៉ារ៉ាឡាំពិក ក៏បានប្រកាសក្នុងឱកាសនេះផងដែរ។

លោក Cai Qi ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ Beijing2022បានថ្លែងថា ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ជាសកម្មភាពសំខាន់ ក្នុងដំណាក់កាលប្រវត្តិសាស្ត្ររបស់ប្រទេសចិន។ យើងបានប្រកាន់ខ្ជាប់ទស្សនៈរៀបចំការប្រកួតបែបបៃតង ចែករំលែក បើកទូលាយ ស្អាតស្អំ ដោយគ្រប់ជ្រុងជ្រោយ សង្គមទាំងមូលរបស់ចិនបានរួមគ្នាចែករំលែក ពីជីវភាពកាន់តែល្អបវរ និងកាន់តែមានសុភមង្គល។ បច្ចុប្បន្ននេះ ការងារត្រៀមរៀបចំគ្រប់ផ្នែកសម្រេចហើយ។

មានជនពិការចិនចំនួន ២,៤២៨នាក់ បានចុះឈ្មោះចូលរួមការជ្រើសរើសអ្នកស្ម័គ្រចិត្ត នៃព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក Beijing2022។ បន្ទាប់ពីការប្រឡង និងវគ្គបណ្តុះបណ្តាលដ៏តឹងរ៉ឹងមានជនពិការចំនួន ១៩នាក់ បានក្លាយជាអ្នកស្ម័គ្រចិត្តក្នុងចំណោមនោះ អ្នកមានវ័យក្មេងជាងគេគឺមានអាយុ ១៩ឆ្នាំ ឯអ្នកមានវ័យចំណាស់ជាងគេគឺ ៦៣ឆ្នាំ។

សម្រាប់ការរត់បណ្តាក់ភ្លើងគប់នៃ ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក Beijing2022 នឹងធ្វើឡើងពីថ្ងៃទី២ ដល់ទី៤ ខែមីនា ឆ្នាំ២០២២ នៅទីតាំងប្រកួតទាំងបី គឺ ប៉េកាំង -យេនឈីង-ហ្សាំងចាខូវ អ្នករត់បណ្តាក់ភ្លើងគប់មានចំនួនប្រហែល ៦០០នាក់។ ឯប្រធានបទនៃការរត់បណ្តាក់ភ្លើងគប់គឺ «ស្វាគមន៍ការណាត់គ្នាជាមួយកីឡាទឹកកក ឆ្ពោះទៅកាន់អនាគតល្អបវរ» ក្នុងបំណងលើកទឹកចិត្តជនពិការទូទាំងពិភពលោក ឱ្យហាត់ប្រាណថែទាំសុខភាពឱ្យល្អ ដើម្បីរួមចំណែកក្នុងការទប់ទល់នឹងជំងឺឆ្លង។

ដោយឡែក ក្នុងសកម្មភាពនេះក៏បានសំដែងស្នាដៃតន្ត្រីល្អៗ អំពីប្រធានបទកីឡាប៉ារ៉ាឡាំពិក ដូចជាចម្រៀងបទ «បំភ្លឺក្តីសុបិន» «ធ្វើគារវកិច្ចចំពោះអ្នកក្លាហាន» «ក្នុងព្រឹលទឹកកកដ៏ស្រស់ស្អាត» ជាដើម។

តាមការលើកឡើងរបស់សហព័ន្ធជនពិការចិនបានឱ្យដឹងថា កីឡាករកីឡាការិនីជនពិការចិនកំពុងខិតខំហ្វឹកហាត់ ពេញមួយឆ្នាំមកមិនដែលផ្អាកការហ្វឹកហាត់នោះទេ ហើយសមត្ថភាពប្រកួតប្រជែងបានត្រូវលើកកម្ពស់រហូត ក្នុងនោះ ក្រុមកីឡាហុកគីលើទឹកកកប៉ារ៉ាឡាំពិក ក្រុមកីឡា curling ជិះរទេះរុញរបស់ចិនដណ្តើមបានសិទ្ធិចូលរួមការប្រកួតហើយ។ ការចូលរួមលេងកីឡាទឹកកកបានផ្តល់វិធីថ្មី ដល់ជនពិការចិនចំនួនរាប់រយលាននាក់ ដើម្បីស្វែងរកបែបផែនជីវិតថ្មីតាមរយៈកីឡា។

សូមបញ្ជាក់ថា ប្រទេសចិនទទួលបានសិទ្ធិរៀបចំធ្វើ ព្រិត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាឆ្នាំ ២០២២ កាលពីឆ្នាំ២០១៥។ ចាប់ពីពេលនោះមក ជនពិការចិនចំនួនកាន់តែច្រើនឡើងៗ បានចូលរួមលេងកីឡារដូវរងា។ ចិនបានធ្វើសកម្មភាពរដូវកាលកីឡាទឹកកក សម្រាប់ជនពិការទូទាំងប្រទេសរយៈពេល ៥ ឆ្នាំជាប់ ក្នុងអំឡុងពេលនោះ គ្រប់ទីកន្លែងបានធ្វើសកម្មភាពខុសៗគ្នាដូចជា ការប្រកួតកីឡា ការដកបទពិសោធន៍ផ្ទាល់លើវិញ្ញាសាកីឡាប៉ារ៉ាឡាំពិករដូវរងា និងពិព័រណ៍សម្ភារកីឡាប៉ារ៉ាឡាំពិករដូវរងាជាដើម ដើម្បីជួយបងប្អូនជនពិការកាន់តែច្រើនឡើងៗ ឱ្យចូលរួមលេងកីឡាទឹកកកដោយសប្បាយរីករាយ៕