(វៀងច័ន្ទ)៖ ស្ថានការណ៍ឆ្លងរាតត្បាតជំងឺ COVID-19 នៅក្នុងប្រទេសឡាវ បានវិវឌ្ឍកាន់តែធ្ងន់ធ្ងរមួយកម្រិតទៀតហើយ ដោយនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ មនុស្សរហូតដល់ទៅ ១,៥០៤នាក់ទៀតត្រូវបានធ្វើតេស្ត «វិជ្ជមាន» នៅក្នុងកំលុងពេលតែ ២៤ម៉ោងប៉ុណ្ណោះ និងជាតួលេខឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មានឡើយ ក្នុងប្រទេសដែលមានប្រជាជនសរុបជាង ៧លាននាក់មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមអាជ្ញាធរសុខាភិបាលឡាវ អ្នកជំងឺ COVID-19 ម្នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ។ គិតត្រឹមពេលនេះ ឡាវមានករណីឆ្លង COVID-19 សរុប ៦៧,៣២២ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៤៣នាក់។ ក្នុងចំណោមករណីឆ្លងថ្មីៗ ១,៥០៤នាក់ខាងលើនេះ រដ្ឋធានីវៀងច័ន្ទបានរ៉ាប់រងច្រើនជាងគេរហូតដល់ទៅ ៦៧៧ករណី។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសឡាវទើបតែសម្រេចបាន ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ៦.០៣លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ២.៧៨លាននាក់ (៣៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ កាលពីថ្ងៃពុធម្សិលមិញនេះ ឡាវក៏បានប្រកាសរកឃើញអ្នកឆ្លង COVID-19 ក្នុងចំនួនច្រើនបំផុតរហូតដល់ទៅជាង ១,៤០០ករណីក្នុងមួយថ្ងៃផងដែរ៕