(ស៉ីដនី)៖ ប្រទេសអូស្រ្តាលីនៅថ្ងៃពុធនេះ បានកត់ឈ្មោះក្រុមចលនា ហេសបូឡា (Hezbollah) ទាំងមូល ដែលជាក្រុមមានឥទ្ធិពលធំសម្បើម នៅក្នុងប្រទេសលីបង់ ចូលទៅក្នុងបញ្ជីនៃអង្គការភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោកស្រី ខារិន អាន់ឌ្រូ (Karen Andrews) បានថ្លែងថា ក្រុមចលនា ហេសបូឡា នៅតែបន្តបង្កហានិភ័យភេរវកម្ម និងបន្តផ្តល់ការគាំទ្រដល់ក្រុមភេរវកម្ម ដូច្នេះហើយក្រុមចលនានេះទាំងមូល គឺជាការគំរាមកំហែងពិតប្រាកដមួយ ចំពោះប្រទេសអូស្រ្តាលី។ កន្លងមកអូស្រ្តាលីបានបញ្ចូលតែ ក្រុមប្រដាប់អាវុធរបស់ចលនា Hezbollah ប៉ុណ្ណោះ ចូលបញ្ជីអង្គការភេរវកម្ម ចាប់តាំងពីឆ្នាំ២០០៣។

គួរបញ្ជាក់ថា ប្រទេសមួយចំនួន បានព្យាយាមបែងចែកគ្នាឲ្យដាច់រវាង ផ្នែកនយោបាយនិងផ្នែកប្រដាប់អាវុធ របស់ក្រុមចលនា Hezbollah ដោយសារពួកគេមានក្តីបារម្ភថា ការចេញបម្រាមដាក់លើចលនា Hezbollah ទាំងមូល អាចបង្កអស្ថិរភាពចំពោះប្រទេសលីបង់ ដែលស្ថិតក្រោមឥទ្ធិពលយ៉ាងធំនៃក្រុមចលនានេះ៕